(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសចិនបានបញ្ជូនក្រុមការងារមួយទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីត្រួតពិនិត្យបទឈប់បាញ់ដែលខ្លួនបានជួយសម្របសម្រួលរវាងរបបយោធាដែលកំពុងកាន់អំណាច និងក្រុមឧទ្ទាមប្រដាប់អាវុធ ដែលនេះជាសញ្ញាបង្ហាញពីការចូលរួមកាន់តែស៊ីជម្រៅរបស់ទីក្រុងប៉េកាំងនៅក្នុងសង្គ្រាមស៊ីវិលមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥។
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ ២០២១។ កាលពីឆ្នាំមុន កងទ័ពសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) ដែលជាក្រុមឧទ្ទាមភាគច្រើនជាជនជាតិចិន បានវាយដណ្តើមយកទីបញ្ជាការយោធាដ៏សំខាន់មួយនៅទីក្រុង Lashio ក្បែរព្រំដែនចិន ពីរបបយោធា។ នៅក្នុងខែមករា ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងគុនមីង ប្រទេសចិន ទីក្រុងប៉េកាំងបានប្រកាសថា ភាគីជម្លោះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ជាផ្លូវការ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានរាយការណ៍ថា មន្ត្រីយោធាមួយចំនួនបានត្រឡប់ទៅទីក្រុង Lashio វិញ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់សន្និសីទសារព័ត៌មានថា «ភាគីទាំងពីរពេញចិត្ត និងអរគុណចិនចំពោះតួនាទីស្ថាបនារបស់ខ្លួនក្នុងការការពារសន្តិភាព និងស្ថិរភាពនៅភាគខាងជើងមីយ៉ាន់ម៉ា» ហើយថា «ចិននឹងបន្តជំរុញកិច្ចចរចាសន្តិភាពទីក្រុងគុនមីង»។
ក្រុម MNDAA គឺជាផ្នែកមួយនៃសម្ព័ន្ធភាពភាតរៈទាំងបី (Three Brotherhood Alliance) ដែលបានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងរបបយោធាកាលពីចុងខែតុលា ឆ្នាំ២០២៣ ដោយដណ្តើមបានការគ្រប់គ្រងលើតំបន់ជាច្រើននៅតាមបណ្តោយព្រំដែនចិន។ កិច្ចព្រមព្រៀងបទឈប់បាញ់រវាង MNDAA និងរបបយោធានេះ គឺដាច់ដោយឡែកពីកិច្ចខិតខំប្រឹងប្រែងរបស់ប្លុកអាស៊ាន ក្នុងការជំរុញឲ្យមានបទឈប់បាញ់ទូទាំងប្រទេស ដើម្បីអនុញ្ញាតឲ្យមានការផ្តល់ជំនួយមនុស្សធម៌។
គួរបញ្ជាក់ថា ការបញ្ជូនក្រុមត្រួតពិនិត្យនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ចិនក្នុងការរក្សាស្ថិរភាពនៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយមីយ៉ាន់ម៉ា និងឥទ្ធិពលការទូតដែលកំពុងកើនឡើងរបស់ខ្លួននៅក្នុងជម្លោះផ្ទៃក្នុងរបស់ប្រទេសជិតខាងមួយនេះ៕