(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប៉ះទង្គិចពាក្យសម្តីគ្នាម្តងទៀត កាលពីថ្ងៃពុធសប្តាហ៍នេះ ជុំវិញកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម ដោយលោក ត្រាំ បន្ទោសលោក ហ្សេលេនស្គី រឿងបដិសេធទទួលស្គាល់ការកាន់កាប់របស់រុស្ស៉ីលើតំបន់គ្រីមៀ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ ២០២៥។
អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា វាដល់ពេលហើយសម្រាប់រុស្ស៉ី និងអ៊ុយក្រែន ក្នុងការយល់ព្រមចំពោះសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក ឬចង់ឱ្យអាមេរិកដើរចេញពីដំណើរការនេះ ដែលជាការបន្ទរបន្ថែមលើពាក្យសម្តីរបស់ លោក ត្រាំ កាលពីសប្តាហ៍មុន។
បើតាមអតីតមន្ត្រីលោកខាងលិចម្នាក់ សំណើររបស់សហរដ្ឋអាមេរិក ក៏មាននៅការអំពាវនាវ ឱ្យមានការទទួលស្គាល់ការកាត់បញ្ចូលតំបន់គ្រីមៀ ជាទឹកដីរបស់រុស្ស៉ីផងដែរ។ កាលពីថ្ងៃអង្គារ លោក ហ្សេលេនស្គី បានរំលឹកឡើងវិញថា អ៊ុយក្រែននឹងមិនប្រគល់គ្រីមៀទៅឱ្យរុស្ស៉ី ដែលដណ្តើមកាន់កាប់នៅក្នុងឆ្នាំ ២០១៤ ជាទង្វើដែលត្រូវបានថ្កោលទោសជាអន្តរជាតិនោះទេ។
លោក ត្រាំ ដែលធ្លាប់ទាស់ពាក្យសម្តីជាមួយ លោក ហ្សេលេនស្គី ម្តងហើយក្នុងកិច្ចប្រជុំនៅឯការិយាល័យ Oval ចាត់ទុកការអត្ថាធិប្បាយរបស់ លោក ហ្សេលេនស្គី ថាធ្វើឱ្យកាន់តែពិបាកក្នុងការសម្រេចបានសន្តិភាព។ លោកបានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដូច្នេះថា «គ្រីមៀ បានបាត់បង់អស់ប៉ុន្មានឆ្នាំមកហើយ វាមិនមែនជាចំណុចដែលត្រូវលើកយកមកជជែកគ្នាទៀតនោះទេ»។
គួរបញ្ជាក់ថា ដំណាលគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានលុបចោលផែនការចូលរួមកិច្ចចរចា នៅទីក្រុងឡុងដ៍ ដែលជាកិច្ចប្រជុំដ៏ទូលំទូលាយមួយ ជាមួយរដ្ឋមន្ត្រីការបរទេសមកពីអ៊ុយក្រែន អង់គ្លេស បារាំង និងអាល្លឺម៉ង់។ នេះសបញ្ជាក់ឱ្យឃើញពីភាពមិនស៉ីសង្វាក់គ្នាលើរបៀបបញ្ចប់សង្រ្គាម រវាងទីក្រុងវ៉ាស៊ីនតោន ទីក្រុងកៀវ និងសម្ព័ន្ធមិត្តអឺរ៉ុប៕