(តូក្យូ)៖ អ្នកចរចាពន្ធគយរបស់ជប៉ុន លោក Ryosei Akazawa មានផែនការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣០ ខែមេសា សម្រាប់ការពិភាក្សាជាលើកទីពីរ ជាមួយសមភាគីរបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ ២០២៥។

ដោយមិនបញ្ចេញប្រភព NHK បានរាយការណ៍ថា ការពិភាក្សា​នឹង​ប្រព្រឹត្ត​ទៅ​ នា​ថ្ងៃ​ទី​១ ខែ​ឧសភា ប្រសិនបើពេលវេលានៃការរៀបចំ អាចទទួលបានការឯកភាព​ពីសំណាក់​ភាគី​អាមេរិក។

អំឡុងការពិភាក្សាលើកមុន លោក Akazawa បានទាមទារឱ្យមានការពិនិត្យឡើងវិញ នូវពន្ធគយលើរថយន្ត និងដែកថែប ប៉ុន្តែភាគីអាមេរិកនិយាយថា ខ្លួនមិនអាចផ្តល់លក្ខខណ្ឌពិសេស សម្រាប់តែប្រទេសជប៉ុនបានឡើយ។

សម្រាប់លើកនេះ លោក Akazawa ក៏មានបំណងស្នើសុំឱ្យមានការពិនិត្យឡើងវិញជាថ្មីម្តងទៀត ហើយបញ្ជាក់ថា វានៅតែជាប្រធានបទនៃការពិភាក្សាគ្នា៕