(កៀវ)៖ កាលពីថ្ងៃពុធ ទី២៣ ខែមេសា ឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោកស្រី Yulia Svyrydenko បាននិយាយថា អ៊ុយក្រែនត្រៀមខ្លួនរួចរាល់ ដើម្បីចរចាសន្តិភាព ប៉ុន្តែមិនដើម្បីចុះចាញ់នោះឡើយ ខណៈដែលខ្លឹមសារលម្អិតបានលេចឡើង នៅក្នុងសេចក្តីរាយការណ៍ ស្តីពីសំណើរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងមួយ ដែលនឹងមើលឃើញ អ៊ុយក្រែនត្រូវលះបង់​ទឹកដីរបស់ខ្លួនស្ទើរតែទាំងអស់ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតត្រារបស់កងកម្លាំងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោកស្រី Svyrydenko បានបង្ហោះសារយ៉ាងដូច្នេះថា «កិច្ចព្រមព្រៀងនឹងមិនអាចកើតមានឡើយ ប្រសិនបើវាផ្តល់ឱ្យរុស្ស៉ីនូវមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីប្រមូលផ្តុំកម្លាំងឡើងវិញ រួចត្រឡប់មកសាជាថ្មី ជាមួយហិង្សាកាន់តែខ្លាំង។ ប្រជាជនរបស់យើង នឹងមិនទទួលយកដាច់ខាត ចំពោះជម្លោះដែលត្រូវបានផ្អាក តែបន្លំធ្វើជាសន្តិភាព»។ លោកស្រីបានបន្តថា បទឈប់បាញ់ពេញលេញមួយ ទាំងតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក គឺជាជំហានដំបូង ដែលចាំបាច់បំផុត។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បាននាំគ្នារាយការណ៍អំពី ខ្លឹមសារលម្អិតនៃសំណើមួយរបស់អាមេរិក សម្រាប់កិច្ចព្រមព្រៀងរវាងទីក្រុងកៀវនិងទីក្រុងមូស្គូ ដែលចង់ឱ្យមានការទទួលស្គាល់ជាផ្លូវការ ចំពោះឧបទ្វីបគ្រីមៀជាកម្មសិទ្ធិរបស់រុស្ស៉ី រួមជាមួយការគ្រប់គ្រងរបស់មូស្គូ លើទឹកដីអ៊ុយក្រែនភាគច្រើន ដែលកំពុងស្ថិតក្រោមការត្រួតត្រា របស់កងកម្លាំងរុស្ស៉ី៕