(ញូវដេលី)៖ ឥណ្ឌា បានកោះហៅអ្នកការទូតកំពូលរបស់ប៉ាគីស្ថាន ប្រចាំទីក្រុងញូវដេលី មកជួប មួយថ្ងៃក្រោយប្រកាសបន្ថយទំនាក់ទំនង ជាមួយទីក្រុងអ៉ីស្លាម៉ាបាដ បន្ទាប់ពីការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ សម្លាប់មនុស្ស ២៦នាក់នៅឯតំបន់ Kashmir។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ ២០២៥។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ឥណ្ឌា បានប្រាប់ទៅកាន់អ្នកការទូតកំពូលប៉ាគីស្ថានថា ទីប្រឹក្សាការពារជាតិនៃបេសកកម្មរបស់ប៉ាគីស្ថាន គឺជាបុគ្គលដែលមិនត្រូវបានស្វាគមន៍ ហើយទុកពេលមួយសប្តាហ៍ឱ្យពួកគេចាកចេញ។
រដ្ឋលេខាធិការនៃក្រសួងការបរទេសឥណ្ឌា លោក Vikram Misri បាននិយាយថា វាមានជាប់ពាក់ព័ន្ធទៅនឹង ការវាយប្រហារឆ្លងព្រំដែន ហើយទីក្រុងញូវដេលី នឹងផ្អាកសន្ធិសញ្ញាចែករំលែកទន្លេ អាយុកាល ៦ទសវត្សរ៍ ក៏ដូចជាបិទច្រកឆ្លងកាត់ដីគោកតែមួយគត់ រវាងប្រទេសទាំងពីរ។ ឥណ្ឌាក៏ នឹងដកបុគ្គលិកការពារជាតិចេញពីប៉ាគីស្ថាន ហើយកាត់បន្ថយចំនួនបុគ្គលិកក្នុងបេសកកម្ម នៅទីក្រុងអ៊ីស្លាម៉ាបាដ ពីចំនួន ៥៥នាក់មកនៅត្រឹម ៣០នាក់ផងដែរ។
គួរបញ្ជាក់ថា ការវាយប្រហារមួយ ដែលសង្ស័យថាធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធ បានសម្លាប់បុរសចំនួន ២៦នាក់ នៅតំបន់ទេសចរណ៍ ក្នុងតំបន់ Kashmir ដែលជាការវាយប្រហារដ៏អាក្រក់បំផុតលើជនស៉ីវិល និងមិនធ្លាប់មានក្នុងរយៈពេលជិតពីរទសវត្សរ៍៕