(ប៉េកាំង)៖ ចិន កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា បានជំរុញឱ្យសហរដ្ឋអាមេរិកលុបចោលវិធានការពន្ធគយឯកតោភាគីទាំងអស់ជាមុនសិន ប្រសិនបើទីក្រុងវ៉ាស៊ីនតោនចង់ធ្វើកិច្ចចរចា ពាណិជ្ជកម្ម បន្ទាប់ពីមានសញ្ញាថារដ្ឋបាលលោក ដូណាល់ ត្រាំ​ អាចនឹងបន្ធូរបន្ថយសង្រ្គាមពាណិជ្ជកម្មរបស់ខ្លួនជាមួយប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅឯសន្និសីទសារព័ត៌មានខ្លីមួយក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក He Yadong បាននិយាយថាសហរដ្ឋអាមេរិកគួរតែលុបចោលវិធានការពន្ធគយឯកតោភាគី ទាំងអស់ប្រឆាំងនឹងចិន ប្រសិនបើពិតជាចង់ដោះស្រាយបញ្ហាពាណិជ្ជកម្មមែននោះ»។ អ្នកនាំពាក្យរូបនេះបន្ថែមថានរណាអ្នកចង អ្នកនោះគឺជាអ្នកស្រាយ ព្រមទាំងជំរុញឱ្យសហរដ្ឋអាមេរិក យកចិត្តទុកដាក់ចំពោះសំឡេងប្រកបដោយហេតុផលរបស់សហគមន៍អន្តរជាតិ និងភាគីនានានៅក្នុងស្រុក។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដោយលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ រដ្ឋបាលលោក ដូណាល់ ត្រាំ អាចនឹងបញ្ចុះ ការយកពន្ធគយលើទំនិញនាំចូលពីចិនដែលបច្ចុប្បន្នមានអត្រា ១៤៥ភាគរយ មកនៅត្រឹមចន្លោះពី៥០ ទៅ៦៥ភាគរយ ខណៈកិច្ចចរចាជាមួយចិនកំពុងធ្វើឡើង។ ប៉ុន្តែ ទីក្រុងប៉េកាំង បាននិយាយថា ការអះអាងណាមួយដែលថា ការចរចាពាណិជ្ជកម្មកំពុងប្រព្រឹត្តទៅជាមួយអាមេរិក គឺជាការអះអាងគ្មានមូលដ្ឋានច្បាស់លាស់៕