(មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយថារុស្ស៉ីបានត្រៀមខ្លួនជាស្រេច ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយជាមួយអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Lavrov ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS News ដែលត្រូវបានបង្ហោះលើអនឡាញកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា។ ក្នុងបទសម្ភាសន៍នោះ ប្រមុខការទូតរុស្ស៉ីរូបនេះបានបង្ហើបដែរថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងពីកិច្ចព្រមព្រៀងមួយ ហើយយើងត្រៀមខ្លួនជាស្រេចដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ប៉ុន្តែវា នៅតែមានធាតុផ្សំមួយចំនួននៃកិច្ចព្រមព្រៀងចាំបាច់ត្រូវកែសម្រួលតិចតួច។ តាមលោក Lavrov មានសញ្ញាជាច្រើនបង្ហាញថាមានរឿងជាច្រើនកំពុងដំណើរការក្នុងទិសដៅត្រឹមត្រូវ។

នៅពេលត្រូវបានសាកសួរពីការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី លើអ៊ុយក្រែនដែលបានសម្លាប់មនុស្សយ៉ាងហោច ១២នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសក្នុងទីក្រុងកៀវ លោក Lavrov បាននិយាយដូច្នេះថា «យើងវាយប្រហារដោយកំណត់គោលដៅតែទៅលើទីតាំងយោធា ឬទីតាំងស៊ីវិលត្រូវបានប្រើប្រាស់ដោយយោធាតែប៉ុណ្ណោះ។ «ប្រសិនបើទីតាំងណាមួយត្រូវបានប្រើប្រាស់ ដោយយោធាអ៊ុយក្រែន នោះក្រសួងការពារជាតិ មេបញ្ជាការរុស្ស៉ីមានសិទ្ធិវាយប្រហារលើទីតាំងទាំងនោះ»។ នេះជាការបន្ថែមរបស់លោក Lavrov។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានចេញសាររិះគន់ដ៏កម្រមួយលើវិមានក្រឹមឡាំង នៅលើបណ្ដាញទំនាក់ទំនងសង្គមថាលោកមិនសប្បាយចិត្តទាល់តែសោះចំពោះការវាយប្រហារ តាមផ្លូវអាកាសរបស់រុស្ស៉ី និងប្រាប់ឱ្យលោក ពូទីន បញ្ឈប់ការវាយប្រហារ៕