(ប៉េកាំង)៖ ចិនកំពុងពិចារណាអនុញ្ញាតឱ្យទំនិញអាមេរិកមួយចំនួន អាចរួចផុតពីការដំឡើងពន្ធ១២៥ភាគរយ ហើយកំពុងតែស្នើឱ្យវិស័យធុរកិច្ចផ្តល់នូវបញ្ជីផលិតផល ដែលអាចមានសិទ្ធិទទួលបានការលើកលែង។ វាគឺជាសញ្ញាធំមួយដែលបង្ហាញថា ទីក្រុងប៉េកាំងក៏មានក្តីកង្វល់ផងដែរ អំពីផលប៉ះពាល់សេដ្ឋកិច្ច ក្នុងការធ្វើសង្រ្គាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥។
ប្រភពមិនបញ្ចេញអត្តសញ្ញាណ បានប្រាប់ Reuters ឱ្យដឹងថា នាពេលនេះ ក្រុមការងារពិសេសរបស់ក្រសួងពាណិជ្ជកម្មចិន កំពុងប្រមែប្រមូលបញ្ជីមុខទំនិញ ដែលអាចទទួលបានការលើកលែងឱ្យរួចផុតពីការយកពន្ធក្នុងកម្រិតដ៏ខ្ពស់ខាងលើ និងកំពុងស្នើឱ្យក្រុមហ៊ុននានា ផ្តល់នូវសំណើរៀងខ្លួនរបស់ពួកគេ។
គួរបញ្ជាក់ថា ការលើកលែងខាងលើ គឺជាសញ្ញាបង្ហាញថា មិនខុសគ្នាពីទីក្រុងវ៉ាស៉ីនតោននោះឡើយ គឺទីក្រុងប៉េកាំងក៏បារម្ភខ្លាំង អំពីផលប៉ះពាល់ចំពោះសេដ្ឋកិច្ចប្រទេសរបស់ខ្លួនផងដែរ ស្របពេលដែលកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក ធ្វើសង្រ្គាមពាណិជ្ជកម្មដ៏ក្តៅគគុកដាក់គ្នា។ កន្លងមក ចិនធ្លាប់អះអាងម្តងហើយម្តងទៀតថា នឹងបន្តតតាំងដល់ទីបញ្ចប់ រហូតទាល់តែអាមេរិកលុបចោលវិញនូវការដំឡើងពន្ធរបស់ខ្លួន៕