(ម៉ិកស៉ីកូ)៖ កសិករនៅភាគខាងជើងប្រទេសម៉ិកស៉ិក ជាទីដែលមានគ្រោះរាំងស្ងួតរយៈពេលវែង និងកំពុងធ្វេីឱ្យសត្វគោងាប់ជាបន្តបន្ទាប់ ត្រូវបង្ខំចិត្តស្វែងរកកន្លែងផ្សេងទៀត សម្រាប់ការរស់នៅ និងប្រភពទឹក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ ២០២៥។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ជាង ៦៤ភាគរយនៃទឹកដីម៉ិកស៉ិក កំពុងជួបប្រទះគ្រោះរាំងស្ងួតកម្រិតខុសៗគ្នា។ រដ្ឋនៅឯភាគខាងជើងរងគ្រោះជាងគេ ជាពិសេសរដ្ឋ Chihuahua ដោយទឹកដីភាគច្រើន គ្របដណ្តប់ដោយភាពរាំងស្ងួត។

នៅឯតំបន់កសិកម្ម Julimes នៃទីក្រុង Chihuahua កសិករកំពុងឆ្ងល់ថា តើពួកគេអាចរស់បានយូរប៉ុនណា។ អ្នករស់នៅភាគខាងជើងទីក្រុង Chihuahua បានផ្លាស់ទីហ្វូងសត្វរបស់ពួកគេចេញពីតំបន់ភ្នំ ដោយសារតែការខ្វះខាតទឹក និងស្មៅ។

គួរបញ្ជាក់ថា ម៉ិកសិក និងសហរដ្ឋអាមេរិកកំពុងចរចារគ្នាយ៉ាងតឹងតែង ជុំវិញការពន្យារពេលរបស់ម៉ិកស៉ិក លេីការផ្តល់បរិមាណទឹកដល់អាមេរិក ដែលមានចែងក្នុងសន្ធិសញ្ញាឆ្នាំ ១៩៩៤។ រដ្ឋាភិបាលម៉ិកស៉ិកថា គ្រោះរាំងស្ងួតបានបំផ្លាញសមត្ថភាពរបស់ខ្លួន ក្នុងការអនុវត្តតាមសន្ធិសញ្ញា។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមយកពន្ធគយ និងដាក់ទណ្ឌកម្ម ប្រសិនបើម៉ិកស៉ិកមិនបង្កើនការដឹកជញ្ជូនទឹក ដែលមន្ត្រីអាមេរិកនិយាយថា បានធ្វៀឱ្យខូចខាតដល់កសិករនៅរដ្ឋ Texas ទេនោះ៕