(ប៉េកាំង)៖ នាថ្ងៃសុក្រ ទី២៥ ខែមេសា ការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តចិន បានឱ្យដឹងថា អ្នកបង្កើតគោលនយោបាយកំពូលរបស់ប្រទេស សន្យាថានឹងគាំទ្រដល់ក្រុមហ៊ុន ក៏ដូចជាបុគ្គលិកដែលរងផលប៉ះពាល់ខ្លាំងជាងគេ ពីពន្ធរបស់សហរដ្ឋអាមេរិក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តលេីគោលនយោបាយរបស់ប្រទេសចិន បានរំលឹកឡើងវិញនូវផែនការដើម្បីពន្លឿនការដោះស្រាយបំណុល បន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ ហេីយប្តេជ្ញាគាំទ្រនិយោជកដើម្បីការពារការងារ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Xinhua រាយការណ៍ពីខ្លឹមសារនៃកិច្ចប្រជុំការិយាល័យនយោបាយ នាថ្ងៃសុក្រនេះថា «យើងនឹងខិតខំធ្វើឱ្យមានស្ថេរភាពការងារ សហគ្រាស ទីផ្សារ និងការរំពឹងទុក ហើយឆ្លើយតបចំពោះភាពមិនច្បាស់លាស់ នៃការផ្លាស់ប្តូរបរិយាកាសខាងក្រៅ ដោយភាពប្រាកដប្រជា»។
កិច្ចប្រជុំ ក៏បានជំរុញឱ្យមានការត្រៀមសម្រាប់ករណីដែលមានសេណារីយ៉ូអាក្រក់ណាមួយកេីតឡេីង ដោយមានផែនការគ្រប់គ្រាន់ និងចាត់វិធានការជាក់ស្តែង។ ជាពិសេស ចិននឹងបង្កើនទំហំមូលនិធិធានារ៉ាប់រងភាពអត់ការងារធ្វើ ដែលអាចត្រូវបានផ្តល់ឱ្យក្រុមហ៊ុនដែលរងផលប៉ះពាល់ខ្លាំងពីពន្ធគយ។
វិធានការជាច្រើនត្រូវដាក់ឱ្យអនុវត្ត ដើម្បីជួយដល់សហគ្រាសដែលជួបការលំបាក ដោយពង្រឹងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងពន្លឿនការធ្វើសមាហរណកម្មនៃការលក់ក្នុងស្រុក និងពាណិជ្ជកម្មបរទេស។ ចិន ក៏នឹងកាត់បន្ថយអត្រាការប្រាក់ និងទុនបម្រុងនៅក្នុងធនាគារ នាពេលឆាប់ៗនេះ រួចដាក់ឱ្យប្រេីប្រាស់ក្នុងវិស័យសេវាកម្ម។
គួរបញ្ជាក់ថា សេដ្ឋកិច្ចចិនបានកើនឡើង ៥.៦ភាគរយនៅក្នុងត្រីមាសទីមួយ ដែលលើសពីការរំពឹងទុក ប៉ុន្តែមានការភ័យថាទីផ្សារនឹងធ្លាក់ចុះវិញនៅឆ្នាំខាងមុខ ដោយសារពន្ធគយរបស់សហរដ្ឋអាមេរិក៕