(ហុងកុង)៖ នៅថ្ងៃសៅរ៍ ទី២៦ ខែមេសា ក្រសួងការបរទេសនៃប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍ថា រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាននិយាយថា ទីក្រុងប៉េកាំងឈរនៅខាងក្បួនច្បាប់អន្តរជាតិ ជុំវិញបញ្ហាពន្ធគយរបស់សហរដ្ឋអាមេរិក ហើយ​ប្រឆាំងដាច់ខាតចំពោះគាំពារនិយម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងនៅក្រៅជំនួបរវាងក្រុមរដ្ឋមន្រ្តីការបរទេសអាស៉ីកណ្តាលនិងចិន ក្នុងប្រទេសកាហ្សាក់ស្ថាន លោក Wang បានលើកឡើងថា ទីក្រុងប៉េកាំងនឹងស្វែងរកសាមគ្គីភាព ជាមួយបណ្តាប្រទេសដទៃទៀត ជុំវិញស្ថានការណ៍ពន្ធគយ ហើយបកអាក្រាតភាពអត្មានិយមជាខ្លាំង និងទង្វើសម្លុតគំរាមរបស់ប្រទេសមួយចំនួន។ លោក Wang បានបន្តថា ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវពហុភាគីនិយម ដើម្បីជួយផ្តល់ស្ថិរភាពឡើងវិញដល់ពិភពលោក។

គួរបញ្ជាក់ថា ក្នុងកិច្ចសម្ភាសមួយដែលចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តអះអាងថា ការចរចារឿងពន្ធកំពុងតែប្រព្រឹត្តទៅជាមួយចិន ស្របពេលខាងទីក្រុងប៉េកាំងបានបដិសេធថា មិនទាន់មានការចរចាណាមួយនោះទេ ខណៈប្រការនេះកំពុងបង្កឱ្យមានភាពភាន់ច្រឡំថា តើកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក កំពុងតែចរចាគ្នាមែនឬ​ក៏មិនមែន ដើម្បីបន្ធូរបន្ថយសង្រ្គាមពាណិជ្ជកម្ម ដែលកំពុងគំរាមកំហែងចំពោះកំណើនសេដ្ឋកិច្ចជាសកល៕