(ព្យុងយ៉ាង)៖ នៅថ្ងៃសៅរ៍ ទី២៦ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំពិធីសម្ពោធនាវាចម្បាំងថ្មីមួយគ្រឿងប្រភេទ destroyer ហើយបានបន្ទោសសហរដ្ឋអាមេរិក សម្រាប់ការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ពិធីខាងលើត្រូវបានប្រារព្ធឡើងនៅកន្លែងសាងសង់នាវាយោធា ក្នុងទីក្រុង Nampo។ បើតាម KCNA នាវាចម្បាំងនោះ គឺជានាវាដំបូងគេបង្អស់នៃថ្នាក់នាវាចម្បាំងថ្មី Choe Hyon-class ដែលបំពាក់សព្វាវុធធុនធ្ងន់។ វាត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ប្រព័ន្ធសព្វាវុធចម្រុះ រួមមានទាំងអាវុធប្រឆាំងយន្តហោះនិងនាវា ព្រមទាំងមីស៉ីលបាលិស្ទីគ និងគ្រូសមីស៉ីល ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។
លោក គីម ជុងអ៊ុន បាននិយាយថា នាវាចម្បាំងខាងលើ នឹងប្រគល់ឱ្យទៅកងទ័ពជើងទឹកកូរ៉េខាងជើង នៅអំឡុងដើមឆ្នាំក្រោយ ហើយចាប់ផ្តើមធ្វើប្រតិបត្តិការជាផ្លូវការ។ បើតាមលោក គីម ការផលិតឱ្យបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នឹងជាជំហានធំបន្ទាប់ ក្នុងការពង្រឹងសមត្ថភាពកងទ័ពជើងទឹកនៃប្រទេសរបស់លោក។
លោក គីម បានអះអាងថា កិច្ចប្រឹងប្រែងកសាងសមត្ថភាពយោធារបស់កូរ៉េខាងជើង គឺជាការឆ្លើយតបចំពោះការគំរាមកំហែងពីសំណាក់អាមេរិក និងសម្ព័ន្ធមិត្តអាមេរិកនៅតំបន់អាស៉ី ដែលបានពង្រីកការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា ហើយលោកបានអះអាងថា បរិយាកាសសន្តិភាពនៅជុំវិញប្រទេសកូរ៉េខាងជើង នាពេលនេះ គឺមានភាពតានតឹងខ្លាំង។
គួរបញ្ជាក់ថា ក្នុងខែមេសានេះ យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1B ត្រូវបានប្រើប្រាស់ក្នុងសមយុទ្ធយោធារួមរវាងអាមេរិក និងកូរ៉េខាងត្បូង។ យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់នេះ បានបង្ហាញវត្តមានជាប្រចាំ អំឡុងសមយុទ្ធយោធារួមរវាងសម្ព័ន្ធមិត្តទាំងពីរ អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយ។ ជាយូរមកហើយ កូរ៉េខាងជើងបានថ្កោលទោស ការធ្វើសមយុទ្ធយោធាទាំងនេះ ថាជាការហាត់សមដើម្បីធ្វើសង្រ្គាម ខណៈទីក្រុងសេអ៊ូលនិងវ៉ាស៉ីនតោន បានអះអាងថា ពួកវាគឺជាការពង្រឹងសមត្ថភាពការពារជាតិ៕