(មូស្គូ)៖ នាថ្ងៃសៅរ៍ ទី២៦ ខែមេសា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងការសាទរនូវអ្វីដែលលោកហៅថា ជាការបរាជ័យទាំងស្រុងនៃការវាយលុករបស់កងកម្លាំងអ៊ុយក្រែនចូលក្នុងតំបន់ Kursk បន្ទាប់ពីពួកគេត្រូវបានបណ្តេញចេញពីភូមិចុងក្រោយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងជាសារវីដេអូចេញផ្សាយដោយវិមានក្រឹមឡាំង លោក ពូទីន គូសបញ្ជាក់ថា «ដំណើរផ្សងព្រេងនៃរបបទីក្រុងកៀវ បានបរាជ័យទាំងស្រុង។ ភាពបរាជ័យនៃសត្រូវនៅក្នុងតំបន់ព្រំដែន Kursk បង្កើតបានលក្ខខណ្ឌសកម្មភាពជោគជ័យបន្ថែមទៀត សម្រាប់កងកម្លាំងរបស់យើងនៅតំបន់ជួរមុខ»។
Kursk ជាតំបន់ព្រំដែនរបស់រុស្ស៉ីដែលកងកម្លាំងអ៊ុយក្រែន បានវាយលុកចូលកាលពីខែសីហា ឆ្នាំមុន។ ក្រោយមក កងកម្លាំងរុស្ស៉ីដែលត្រូវបានពង្រឹងដោយទាហានកូរ៉េខាងជើង បានព្យាយាមវាយដណ្តេីមយកមកវិញ។
ក្នុងពេលរាយការណ៍ជូនលោក ពូទីន ប្រធានអគ្គសេនាធិការយោធារុស្ស៉ី លោក Valery Gerasimov ក៏បានសរសើរដល់ការរួមចំណែកនៃមន្ត្រី និងទាហានកូរ៉េខាងជើងនៅតំបន់ Kursk ផងដែរ ដោយនិយាយថា ពួកគេមានជំនាញខ្ពស់ រឹងមាំ និងក្លាហាន ហេីយបានប្រកៀស្មាគ្នាជាមួយទាហានរុស្ស៉ី ដេីម្បីពេញកាតព្វកិច្ចប្រយុទ្ធ៕