(ឌូបៃ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថាចំនួនអ្នកស្លាប់ នៅក្នុងហេតុការណ៍ផ្ទុះដ៏សម្បើមមួយដែលគេសង្ស័យថាបង្កឡើងដោយសារតែការផ្ទុះឆេះសារធាតុគីមី បានកើនឡើងដល់ ១៨នាក់ និងជាង ៧០០នាក់ បានរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី២៦ ខែមេសា នៅឯកំពង់ផែ Shahid Rajaee នៃទីក្រុង​ Bandar Abbas ប្រទេសអ៉ីរ៉ង់។ ការផ្ទុះនេះទៀតសោត កើតមានឡើងចំពេលអ៉ីរ៉ង់ចាប់ផ្ដើម បើកកិច្ចចរចាជុំទី៣ ជាមួយសហរដ្ឋអាមេរិកស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ នៅក្នុងប្រទេសអូម៉ង់។ ប៉ុន្តែ មិនមានភស្តុតាងបញ្ជាក់ថាព្រឹត្តិការណ៍ទាំង២នេះមានជាប់ពាក់ព័ន្ធគ្នានោះទេ។

លោក Hossein Zafari ជាអ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់អ៉ីរ៉ង់ បានឱ្យដឹងថាការផ្ទុះទំនងជាបណ្ដាលមកពីការផ្ទុះឆេះសារធាតុគីមីដែលស្ដុកទុកក្នុងទូរកុងតឺន័រ នៅឯកំពង់ផែ Shahid Rajaee។ ប៉ុន្តែ ខាងអ្នកនាំពាក្យរដ្ឋាភិបាលអ៉ីរ៉ង់បាននិយាយថាទោះជាការផ្ទុះឆេះសារធាតុគីមីត្រូវបានសង្ស័យជាមូលហេតុក៏ដោយ ក៏ខាងរដ្ឋាភិបាលតេហេរ៉ង់មិនទាន់អាចកំណត់ឱ្យច្បាស់ពីមូលហេតុនៅពី ក្រោយការផ្ទុះដ៏សម្បើមនៅឯកំពង់ផែ Shahid Rajaee បាននៅឡើយទេ ស្របពេលការស៊ើបអង្កេតកំពុងធ្វើឡើង៕