(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឲ្យបញ្ជូនយន្តហោះជាច្រើនគ្រឿងទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីជួយដោះស្រាយស្ថានការណ៍បន្ទាន់ បន្ទាប់ពីមានហេតុការណ៍ផ្ទុះដ៏ធំមួយនៅកំពង់ផែ Bandar Abbas កាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់ និងធ្វើឲ្យមនុស្សរាប់រយនាក់រងរបួស។ នេះបើយោងតាមក្រសួងគ្រាអាសន្នរុស្ស៊ី និងវិមានក្រឹមឡាំង ដែលបានចេញផ្សាយដោយទីភ្នាក់ងារ Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា ហេតុការណ៍ផ្ទុះដែលបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី២៦ ខែមេសា នៅកំពង់ផែ Bandar Abbas ដែលជាកំពង់ផែធំបំផុតរបស់អ៊ីរ៉ង់ ទំនងជាបណ្ដាលមកពីការផ្ទុះសារធាតុគីមី។ ហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្សយ៉ាងតិច ២៨នាក់ស្លាប់ និងជាង ៧០០នាក់ផ្សេងទៀតរងរបួស។

វិមានក្រឹមឡាំងបានបញ្ជាក់ថា លោក ពូទីន បានសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅ និងបានស្នើផ្តល់ជំនួយដល់អ៊ីរ៉ង់ ដែលជាដៃគូយុទ្ធសាស្ត្រដ៏ជិតស្និទ្ធ។ ជាការឆ្លើយតបជាក់ស្តែង ក្រសួងគ្រាអាសន្នរុស្ស៊ី កំពុងរៀបចំបញ្ជូនយន្តហោះពន្លត់អគ្គិភ័យឯកទេស Beriev Be-200 និងយន្តហោះដឹកជញ្ជូនធុនធ្ងន់ Ilyushin Il-76 ដើម្បីគាំទ្រដល់ប្រតិបត្តិការសង្គ្រោះ និងដោះស្រាយផលវិបាកនៃគ្រោះមហន្តរាយនេះ។

គួរបញ្ជាក់ថា ការឆ្លើយតបរហ័សរបស់រុស្ស៊ីនេះ បានបញ្ជាក់ជាថ្មីអំពីទំនាក់ទំនងដ៏រឹងមាំរវាងទីក្រុងមូស្គូ និងតេអេរ៉ង់ ក្នុងគ្រាអាសន្ន៕