(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ឡើងវិញកាលពីថ្ងៃអាទិត្យ ទី២៧ ខែមេសា ថាហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរទាំងមូលរបស់អ៉ីរ៉ង់ត្រូវតែរំសាយចោល ខណៈ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ស្ថិតនៅក្នុងកិច្ចចរចាស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ មកទល់នឹងពេលនេះបានរៀបចំកិច្ចចរចាចំនួន៣ជុំរួចមកហើយ ក្រោមការសម្របសម្រួលដោយប្រទេសអូម៉ង់ ក្នុងគោលដៅស្វែងរកកិច្ចព្រមព្រៀងថ្មីមួយដែលនឹងរារាំងមិនឱ្យអ៉ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ និងការដកទណ្ឌកម្មសេដ្ឋកិច្ចពីទីក្រុងវ៉ាស៊ីនតោន។ នៅបន្ទាប់ពីកិច្ចចរចាក្នុងទីក្រុងរ៉ូម កាលពីដើមខែមេសានេះ អូម៉ង់បាននិយាយថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់កំពុងស្វែងរកកិច្ចព្រមព្រៀងមួយដែលនឹងតម្រូវមិនឱ្យអ៉ីរ៉ង់មានអាវុធ នុយក្លេអ៊ែរ ជាថ្នូរទៅនឹងការដកទណ្ឌកម្ម ប៉ុន្តែអ៉ីរ៉ង់អាចបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរក្នុងលក្ខខណ្ឌស៊ីវិល។ តែទោះជាយ៉ាងណាក៏ដោយ លោក Netanyahu បាននិយាយថាកិច្ចព្រមព្រៀងដ៏ល្អបំផុត នោះគឺត្រូវរំសាយចោល ហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរទាំងមូលរបស់អ៉ីរ៉ង់ ដោយយកគម្រូតាមកិច្ចព្រមព្រៀងរវាងលីប៊ី និងលោកខាងលិចកាលពីឆ្នាំ២០០៣ ដែលតម្រូវឱ្យលីប៊ីបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ គីមី ជីវសាស្ត្រ និងមីស៊ីល។
ក្រុមមន្ត្រីអ៉ីស្រាអែល បានអះអាងជាច្រើនលើកថានឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីរារាំងមិនឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរដាច់ខាត ហើយលោក Netanyahu ក៏បានលើកឡើងជាថ្មីពីការប្ដេជ្ញាចិត្តនេះផងដែរ។
គួរបញ្ជាក់ថា តាមលោក Netanyahu លោកផ្ទាល់បានប្រាប់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំថារាល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរណាមួយដែលត្រូវបានឈានដល់ជាមួយអ៉ីរ៉ង់ ក៏ត្រូវទប់ស្កាត់អ៉ីរ៉ង់ផងដែរពីការអភិវឌ្ឍមីស៊ីល បាលិស្ទីគ៕