(មូស្គូ)៖ នៅថ្ងៃចន្ទ ទី២៨ ខែមេសា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានសម្តែងការអរគុណចំពោះ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន សម្រាប់កិច្ចប្រឹងប្រែងដ៏ក្លៀវក្លារបស់កងទ័ពទីក្រុងព្យុងយ៉ាង ក្នុងការជួយវាយដណ្តើមទឹកដីបានមកវិញ នៅតំបន់ Kursk របស់ប្រទេសរុស្ស៉ី ដែលកាន់កាប់ដោយកងកម្លាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
យោងតាមវិមានក្រឹមឡាំង លោក ពូទីន បាននិយាយថា មិត្តកូរ៉េខាងជើង បានធ្វើសកម្មភាពដោយស្មារតីសាមគ្គីភាព និងជាមិត្តរួមចិត្តរួមថ្លើមយ៉ាងពិតប្រាកដ ហើយលោកពិតជាអរគុណខ្លាំងណាស់ ជាពិសេសចំពោះលោក គីម ជុងអ៊ុនផ្ទាល់ ក៏ដូចជាចំពោះប្រជាជនកូរ៉េខាងជើងទាំងអស់។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ រុស្ស៉ីបានប្រកាសអំពីការដណ្តើមតំបន់ Kursk នៅភាគខាងលិច បានមកវិញទាំងស្រុង ហើយអគ្គសេនាធិការចម្រុះនៃយោធារុស្ស៉ី លោក Valery Gerasimov បានស្ងើចសរសើរវីរភាពរបស់ក្រុមទាហានកូរ៉េខាងជើង ដែលលោកនិយាយថា បានចូលរួមចំណែកធំមួយ ក្នុងការវាយកម្ចាត់កងកម្លាំងរបស់អ៊ុយក្រែន។ ទោះជាបែបនេះក្តី អ៊ុយក្រែនបានអះអាងថា នៅមានកងកម្លាំងរបស់ខ្លួន បន្តប្រយុទ្ធក្នុងតំបន់ Kursk នៅឡើយទេ។
គួរបញ្ជាក់ថា នាថ្ងៃចន្ទនេះ កូរ៉េខាងជើង ទើបតែបានទទួលស្គាល់ជាលើកដំបូង អំពីការបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ប្រទេសរុស្ស៉ី ខណៈចារកម្មលោកខាងលិចនិងកូរ៉េខាងត្បូង បានរាយការណ៍ជាយូរមកហើយថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនទាហានប្រហែលជាង ១០ ០០០នាក់ ដើម្បីជួយរុស្ស៉ីនៅតំបន់ Kursk កាលពីឆ្នាំមុន៕