(ហាណូយ)៖ ជប៉ុន និងវៀតណាម បានព្រមព្រៀងជំរុញពាណិជ្ជកម្មទ្វេភាគី និងគោរពច្បាប់សកលស្តីពីលំហូរទំនិញដោយសេរី ខណៈនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានជួបនាយករដ្ឋមន្រ្តីវៀតណាម នៅក្នុងទីក្រុងហាណូយ និងចំដែលប្រទេសទាំងពីរកំពុងចរចាជាមួយទីក្រុងវ៉ាស៉ីនតោន ដើម្បីចៀសវាងពន្ធគយខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ ២០២៥។
ក្រោយកិច្ចប្រជុំលោក Ishiba បានប្រាប់អ្នកយកព័ត៌មានថា «សេដ្ឋកិច្ចពិភពលោកកាន់តែមានភាពមិនច្បាស់លាស់ ហើយផលប៉ះពាល់លើតំបន់អាស៉ីអាគ្នេយ៍ ក៏កំពុងលេចចេញជារូបរាង។ យើងនឹងសហការដើម្បីរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហដោយផ្អែកលើនីតិរដ្ឋ»។ ចំណែកនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បាននិយាយថា «ប្រទេសទាំងពីរឯកភាពគ្នា រក្សាសណ្តាប់ធ្នាប់ពាណិជ្ជកម្មសេរីជាសាកល ដោយផ្អែកលើច្បាប់អន្តរជាតិ»។
មេដឹកនាំទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៤ រួមទាំងការជំរុញការធ្វើពាណិជ្ជកម្ម លើផលិតផលថាមពលកកើតឡើងវិញ និងការស្រាវជ្រាវ អភិវឌ្ឍវិស័យ semiconductors។ វៀតណាម គឺជាមជ្ឈមណ្ឌលប្រមូលផ្តុំសម្រាប់ក្រុមហ៊ុនធំៗរបស់ជប៉ុន រួមទាំង Honda, Canon និង Panasonic ជាមួយនិងទឹកប្រាក់វិនិយោគសរុប ៧៨ពាន់លានដុល្លារ។ ធនាគារជប៉ុន ក៏មានភាគហ៊ុនជាយុទ្ធសាស្រ្ត នៅក្នុងក្រុមហ៊ុនផ្តល់ប្រាក់កម្ចីវៀតណាមផងដែរ។
គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ លោក Ishiba នៅវៀតណាម ហើយនាថ្ងៃអង្គារ លោកត្រូវនឹងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ជាទីចុងក្រោយនៃទស្សនកិច្ចមកកាន់តំបន់អាស៉ីអាគ្នេយ៍៕