(សាណា)៖ ក្រុមហ៊ូទីយេម៉ាន់ (Houthi) បានរាយការណ៍នៅថ្ងៃចន្ទនេះថា ការវាយប្រហារតាមអាកាសមួយដែលគេសង្ស័យថា ធ្វើឡើងដោយសហរដ្ឋអាមេរិក បានវាយប្រហារចំមជ្ឈមណ្ឌលឃុំខ្លួនជនចំណាកស្រុកមួយកន្លែង នៅភាគខាងជើងប្រទេសយេម៉ែន បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៦៨នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥។
ទូរទស្សន៍ Al Masirah របស់ក្រុមហ៊ូធី បានផ្សាយរូបភាពដ៏រន្ធត់ពីកន្លែងកើតហេតុ បង្ហាញសាកសព និងកម្ទេចកម្ទី ខណៈអ្នកនាំពាក្យក្រុមហ៊ូធីបានថ្កោលទោសយ៉ាងខ្លាំង។
ទោះជាយ៉ាងណា យោធាសហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ហើយបានបញ្ជាក់ពីមុនថា ខ្លួននឹងមិនផ្តល់ព័ត៌មានលម្អិតអំពីគោលដៅវាយប្រហារឡើយ ដោយសារហេតុផលសន្តិសុខប្រតិបត្តិការ។
គួរបញ្ជាក់ថា ការវាយប្រហារនេះ គឺជាផ្នែកមួយនៃយុទ្ធនាការវាយប្រហារតាមអាកាសរបស់អាមេរិក ដែលចាប់ផ្តើមប្រហែល៦សប្តាហ៍មុន ប្រឆាំងនឹងក្រុមហ៊ូទី ដែលបានវាយប្រហារលើនាវាដឹកទំនិញនៅសមុទ្រក្រហម។ កាលពីដើមខែនេះ ការវាយប្រហាររបស់អាមេរិកលើស្ថានីយប្រេងឥន្ធនៈមួយ ក៏ត្រូវបានក្រុមហ៊ូទីអះអាងថា បានសម្លាប់មនុស្សយ៉ាងតិច ៧៤នាក់ដែរ។ ទីតាំងមជ្ឈមណ្ឌលជនចំណាកស្រុកនេះ ក៏ធ្លាប់ត្រូវបានវាយប្រហារដោយការវាយប្រហារតាមអាកាសដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតកាលពីឆ្នាំ ២០២២ ផងដែរ៕