(ម៉ាឌ្រីដ)៖ តំបន់ជាច្រើននៅក្នុងប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ បានជួបប្រទះនឹងការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំនៅថ្ងៃចន្ទ ទី២៨ ខែមេសា ដែលបណ្ដាលឲ្យប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងភ្លើងសញ្ញាចរាចរណ៍គាំងដំណើរការ ខណៈដែលប្រតិបត្តិករប្រព័ន្ធបណ្ដាញអគ្គិសនីកំពុងធ្វើការដើម្បីស្ដារថាមពលឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រតិបត្តិករប្រព័ន្ធបណ្ដាញថាមពលអេស្ប៉ាញ Red Electrica បានបញ្ជាក់ថា កំពុងធ្វើការដើម្បីស្ដារថាមពលជាដំណាក់កាល ហើយបានលើកឡើងថា នេះអាចជា «បញ្ហាអគ្គិសនីរួមរបស់អឺរ៉ុបទាំងមូល» ដែលអាចពាក់ព័ន្ធនឹងបណ្ដាញអគ្គិសនីតភ្ជាប់គ្នាទូទាំងទ្វីប។ នៅរដ្ឋធានីម៉ាឌ្រីដ ការដាច់ភ្លើងបានបង្កការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរ ខណៈភ្លើងស្តុបមិនដំណើរការ ហើយអ្នកដំណើររថភ្លើងក្រោមដីមួយចំនួនត្រូវបានជម្លៀសចេញ។
ស្ថានភាពស្រដៀងគ្នានេះបានកើតឡើងនៅព័រទុយហ្គាល់ ដោយប៉ូលិសរាយការណ៍ថា ភ្លើងសញ្ញាចរាចរណ៍ទូទាំងប្រទេសរងផលប៉ះពាល់។ ប្រព័ន្ធរថភ្លើងក្រោមដីនៅទីក្រុង Lisbon និង Porto ត្រូវបិទដំណើរការ ហើយរថភ្លើងទូទាំងប្រទេសក៏មិនអាចធ្វើចរាចរណ៍បានដែរ ដែលបង្កផលប៉ះពាល់ដល់អ្នកដំណើររាប់ពាន់នាក់។
គួរបញ្ជាក់ថា មូលហេតុជាក់លាក់ដែលនាំឲ្យមានការដាច់ចរន្តអគ្គិសនីឆ្លងប្រទេសដ៏ធំនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតជាបន្ទាន់ដោយអាជ្ញាធរពាក់ព័ន្ធ៕