(Reuters)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃចន្ទ ទី២៨ ខែមេសា បានកោតសរសើរដល់ចារកម្មអ៊ុយក្រែន ចំពោះការសម្លាប់មន្ត្រីយោធាកំពូលរបស់រុស្ស៉ី ចាប់តាំងពីសង្រ្គាម ផ្ទុះឡើងមក។ ប៉ុន្តែមិនបានលើកឡើងចំៗពីការវាយប្រហារបំផ្ទុះរថយន្ដមួយដែលបានសម្លាប់មន្ត្រីយោធារុស្ស៉ីជាន់ខ្ពស់ម្នាក់កាលពីសប្ដាហ៍មុននោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
វិមានក្រឹមឡាំង បានចោទប្រកាន់អ៊ុយក្រែនថាជាអ្នកនៅពីក្រោយការវាយប្រហារបំផ្ទុះរថយន្ដកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅឯជាយទីក្រុងមូស្គូ ដែលបានសម្លាប់លោក Yaroslav Moskalik មានអាយុ៥៩ឆ្នាំ និងជា អនុប្រធាននៃនាយកដ្ឋានប្រតិបត្តិចម្បងរបស់អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរុស្ស៉ី។ ក្រុមមន្ត្រីអ៊ុយក្រែនមិនបាននិយាយចំៗអំពីការវាយប្រហារដែលសម្លាប់លោក Moskalik នោះទេ។ លោក ហ្សេលេនស្គី វិញ បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា «ប្រមុខទីភ្នាក់ងារស៊ើបការណ៍ក្រៅប្រទេសរបស់អ៊ុយក្រែន បានរាយការណ៍ពីការកម្ចាត់មនុស្សមួយចំនួនដែលជាមន្ត្រីកំពូលៗនៃកងកម្លាំងប្រដាប់អាវុធរុស្ស៉ី»។
ដោយសម្ដែងការអរគុណ និងកោតសរសើរពីលទ្ធផលដ៏ល្អ លោក ហ្សេលេនស្គី បន្ថែមទៀតថា «ប្រមុខចារកម្មអ៊ុយក្រែនក៏បានរាយការណ៍ផងដែរពីការដាក់ចេញវិធានការដើម្បីទប់ទល់នឹងបណ្ដាចារកម្មរបស់រុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែន»។
គួរបញ្ជាក់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន SBU ធ្លាប់បានអះអាងថាភ្នាក់ងាររបស់ខ្លួនបានសម្លាប់លោក Igor Kirillov ដែលជាឧត្តមសេនីយ៍កំពូលម្នាក់របស់រុស្ស៉ីត្រូវបានអ៊ុយក្រែនចោទថាជាអ្នកទទួល ខុសត្រូវលើការប្រើប្រាស់អាវុធគីមីប្រឆាំងកងទ័ពអ៊ុយក្រែន កាលពីខែធ្នូ ឆ្នាំ២០២៤៕