(វ៉ាស៉ីនតោន)៖ ប្រធានាធិតបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ចេញនូវបទបញ្ជាប្រតិបត្តិមួយ ដែលតម្រូវឱ្យអ្នកបើកបររថយន្តដឹកទំនិញ ត្រូវមានចំណេះដឹងផ្នែកភាសាអង់គ្លេស។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពី NBC News នៅថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ ២០២៥។
បទបញ្ជាប្រតិបត្តិដែលត្រូវបានចុះហត្ថលេខា នៅឯ Oval Office នៃសេតវិមាន កាលពីយប់ថ្ងៃចន្ទ តម្រូវឱ្យអ្នកដែលបើកបររថយន្តដឹកទំនិញទាំងអស់ ត្រូវតែមានសមត្ថភាព និងជំនាញភាសាអង់គ្លេស។ លោក ត្រាំ ជឿជាក់ថា ការយល់ដឹងអំពីភាសាអង់គ្លេស គឺជាតម្រូវការសុវត្ថិភាពដែលមិនអាចចរចារបាន សម្រាប់អ្នកបើកបរជំនាញ ពីព្រោះពួកគេគួរតែអាចអាន និងយល់ពីស្លាកសញ្ញាចរាចរណ៍។ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក Sean Duffy នឹងត្រូវបានណែនាំឱ្យពង្រឹងនីតិវិធីត្រួតពិនិត្យ ជុំវិញការអនុលោមតាមបទបញ្ជាថ្មីនេះ។
គួរបញ្ជាក់ថា លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលកំណត់យកភាសាអង់គ្លេស ជាភាសាផ្លូវការរបស់សហរដ្ឋអាមេរិក។ បទបញ្ជានេះអនុញ្ញាតឱ្យទីភ្នាក់ងាររដ្ឋាភិបាល និងអង្គការដែលទទួលបានមូលនិធិសហព័ន្ធ ទទួលយកឯកសារ និងសេវាកម្មនានាដោយប្រើប្រាស់ភាសាអង់គ្លេស៕