(ដាម៉ាស)៖ រដ្ឋមន្រ្តីការបរទេសនៃប្រទេសស៉ីរី លោក Assad al-Shaibani កាលពីថ្ងៃចន្ទ ទី២៨ ខែមេសា បានបង្ហាញឆន្ទៈរបស់រដ្ឋាភិបាលលោក ក្នុងការកសាងទំនាក់ទំនងឱ្យដល់ កម្រិតភាពជាដៃគូយុទ្ធសាស្រ្តជាមួយប្រទេសចិន ដែលជាខ្នងបង្អែកសំខាន់មួយ នៃរបបអតីតប្រធានាធិបតីស៉ីរីធ្លាក់ពីអំណាច លោក Bashar al-Assad។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Shaibani បានជួបឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ (UN) លោក Fu Cong នៅស្នាក់ការកណ្តាលរបស់ UN ក្នុងទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក ជាទីដែលរូបលោកបានដើរតួនាទីជាតំណាងរបស់ប្រទេសស៉ីរី នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ UN។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសស៉ីរី អំឡុងជំនួបជាមួយបេសកជនចិន លោក Shaibani បានលើកឡើងថា រដ្ឋាភិបាលស៉ីរីថ្មី កំពុងព្យាយាមស្វែងរកការពង្រឹងទំនាក់ទំនងជាមួយចិន ហើយប្រទេសទាំងពីរ នឹងធ្វើការរួមគ្នាឆ្ពោះទៅកសាងភាពជាដៃគូយុទ្ធសាស្រ្តរយៈពេលវែង ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។
គួរបញ្ជាក់ថា នេះមិនមែនជាជំនួបជាន់ខ្ពស់លើកទី១ឡើយ រវាងរដ្ឋាភិបាលទាំងពីរ ចាប់តាំងពីក្រុមឧទ្ទាមបានផ្តួលរំលំរបបលោក Assad កាលពីខែធ្នូ ឆ្នាំ២០២៤ បិទបញ្ចប់សង្រ្គាមស៉ីវិល ដែលអូសបន្លាយជាច្រើនឆ្នាំ។ កាលពីចុងខែកុម្ភៈ ប្រធានាធិបតីស្តីទីស៉ីរី លោក Ahmed al-Sharaa បានជួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងដាម៉ាស។ រួមជាមួយរុស្ស៉ីនិងអ៉ីរ៉ង់ ចិនគឺជាអ្នកគាំទ្រដ៏សំខាន់មួយរបស់រដ្ឋាភិបាលលោក Assad រួមទាំងអំឡុងសង្រ្គាមស៉ីវិល ដែលបានផ្ទុះឡើងដំបូងតាំងតែពីឆ្នាំ២០១១៕