(ប៉េកាំង)៖ ប្រទេសចិន នៅថ្ងៃអង្គារ ទី២៩ ខែមេសា បានបន្ទោសលើពន្ធគយរបស់សហរដ្ឋអាមេរិក ថាជាហេតុដែលនាំឱ្យទីក្រុងប៉េកាំង សម្រេចចិត្តឈប់ទទួលយកយន្តហោះថ្មី ពីក្រុមហ៊ុនអាកាសចរណ៍យក្ស Boeing ដោយនិយាយថា ពន្ធគយនេះរំខានដល់ទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នាយកប្រតិបត្តិក្រុមហ៊ុន Boeing បានបញ្ជាក់កាលពីសប្តាហ៍មុនថា ចិនឈប់ទទួលយកយន្តហោះថ្មីពីក្រុមហ៊ុនហើយ ដោយសារតែសង្គ្រាមពាណិជ្ជកម្ម។ បើតាមក្រសួងពាណិជ្ជកម្មចិន ការអនុវត្តពន្ធរបស់សហរដ្ឋអាមេរិក ជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថិរភាពនៃខ្សែចង្វាក់ឧស្សាហកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។ អ្នកនាំពាក្យមួយរូបរបស់ក្រសួងបញ្ជាក់ថា «កិច្ចសហការរវាងក្រុមហ៊ុនអាកាសចរណ៍ចិន ជាមួយក្រុមហ៊ុន Boeing នៅអាមេរិក ត្រូវរងគ្រោះខ្លាំង»។
គួរបញ្ជាក់ថា ពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក បានឈានដល់កម្រិត ១៤៥ភាគរយលើផលិតផលជាច្រើនរបស់ចិន ខណៈទីក្រុងប៉េកាំងបានឆ្លើយតបវិញ ដោយយកពន្ធ ១២៥ភាគរយលើការនាំចូលពីសហរដ្ឋអាមេរិក៕