(ប៉េកាំង)៖ ព្រឹកថ្ងៃទី២៩ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញធ្វើទស្សនកិច្ចនៅធនាគារអភិវឌ្ឍន៍ថ្មីនៃប្រទេស BRICS នៅក្រុងសៀងហៃ និងជួបសន្ទនាជាមួយលោកស្រី Dilma Rousseff ប្រធានធនាគារអភិវឌ្ឍន៍ថ្មី។
លោក Xi Jinping បានសម្តែងការអបអរសាទរចំពោះលោកស្រី Dilma Rousseff ដែលជាប់ឆ្នោតជា ប្រធានធនាគារអភិវឌ្ឍន៍ថ្មី មួយអាណត្តិទៀត ។ លោក Xi Jinping បានលើកឡើងថា ធនាគារអភិវឌ្ឍន៍ថ្មីជា ស្ថាប័នអភិវឌ្ឍន៍ពហុភាគីទីមួយ ដែលបង្កើតឡើងនិងប្រតិបត្តិដោយប្រទេសទីផ្សារងើបឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ ជាសមិទ្ធផលដ៏អស្ចារ្យ ដែលប្រទេសសកលខាងត្បូង ពង្រឹងសមត្ថភាពរបស់ខ្លួន ដែលសមស្របនឹងចរន្តនៃប្រវត្តិសាស្ត្រ នៃការធ្វើកំណែទម្រង់ និងធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាព ក៏ដូចជាក្លាយជាគំរូ នៃកិច្ចសហប្រតិបត្តិការរវាងកម្លាំងងើបឡើងថ្មី និងប្រទេសសកលខាងត្បូងក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។
លោក Xi Jinping បានគូសបញ្ជាក់ថា “កិច្ចសហប្រតិបត្តិការនៃប្រទេស BRICS ធំ” បានឈានចូល ក្នុងដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ហើយធនាគារអភិវឌ្ឍន៍ថ្មី ក៏ឈានចូល “ទសវត្សរ៍មាស”ទីពីរនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ផងដែរ។
លោកស្រី Dilma Rousseff បានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានផ្តល់ការគាំទ្រដ៏ពេញទំហឹង ក្នុងការជំរុញការវិវឌ្ឍរីកចម្រើននៃធនាគារអភិវឌ្ឍន៍ថ្មី ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ លោកប្រធានរដ្ឋចិន Xi Jinping ចិនទទួលបានសមិទ្ធផលអភិវឌ្ឍន៍ដ៏លេចធ្លោ ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការជំរុញអភិបាលកិច្ចសកល ហើយចិនមុខជានឹង សម្រេចបាននូវទស្សនទាន ស្តីពីការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិន ឡើងវិញជាមិនខាន៕