(ប៉េកាំង)៖ ហេតុការណ៍ភ្លើងឆេះភោជនីយដ្ឋានមួយកន្លែង នៅភាគឦសាននៃប្រទេសចិន បានផ្តាច់ជីវិតមនុស្ស ២២នាក់នៅថ្ងៃអង្គារ ទី២៩ ខែមេសា ដែលនេះជាឧបទ្ទវហេតុស្លាប់បាត់បង់ជីវិតចុងក្រោយបង្អស់ ក្នុងចំណោមឧបទ្ទវហេតុស្រដៀងគ្នាជាច្រើនដែលបានកើតឡើងនៅទូទាំងប្រទេស។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រភពដដែលនេះ មិនបានបញ្ជាក់ពីមូលហេតុនៃអគ្គិភ័យនេះទេ ប៉ុន្តែបានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានហៅហេតុការណ៍នេះថាជា «មេរៀនដ៏ជ្រាលជ្រៅ» ហើយបានជំរុញឲ្យមន្ត្រីក្នុងតំបន់ព្យាបាលអ្នករងរបួស ឲ្យបានឆាប់រហ័ស កំណត់រកមូលហេតុដែលបង្កឲ្យមានអគ្គិភ័យ និងស្វែងរកអ្នកដែលត្រូវទទួលខុសត្រូវ។
គួរបញ្ជាក់ថា នេះគឺជាឧបទ្ទវហេតុដ៏សាហាវចុងក្រោយបង្អស់ បន្ទាប់ពីឧបទ្ទវហេតុស្រដៀងគ្នាជាច្រើនបានកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីដើមខែមេសានេះដែរ មនុស្ស ២០នាក់បានស្លាប់ក្នុងអគ្គិភ័យនៅមណ្ឌលថែទាំមនុស្សចាស់មួយកន្លែងក្នុងខេត្ត Hebei។ ហើយកាលពីឆ្នាំមុន ការលេចធ្លាយឧស្ម័នក៏បានបណ្តាលឲ្យមានការផ្ទុះធំៗពីរលើក នៅតំបន់លំនៅដ្ឋានផងដែរ ដោយបានសម្លាប់មនុស្សជាច្រើននាក់៕