(ប៉ារីស)៖ ក្រសួងការបរទេសបារាំង នៅថ្ងៃអង្គារ ទី២៩ ខែមេសានេះ បានចោទប្រកាន់ដោយចំៗទៅលើទីភ្នាក់ងារចារកម្មយោធារុស្ស៊ី GRU ថាបានធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើអង្គភាពរាប់សិបរបស់បារាំង ចាប់តាំងពីឆ្នាំ ២០២១ ក្នុងគោលបំណងធ្វើឲ្យប្រទេសនេះគ្មានស្ថិរភាព។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥។
ការចោទប្រកាន់នេះ ដែលបានចង្អុលចំទៅលើអង្គភាព APT28 របស់ទីភ្នាក់ងារចារកម្មយោធារុស្ស៊ី GRU គឺជាលើកទីមួយហើយដែលទីក្រុងប៉ារីស ស្តីបន្ទោសរដ្ឋរុស្ស៊ី ដោយផ្អែកលើការស៊ើបការណ៍សម្ងាត់របស់ខ្លួនផ្ទាល់ ទោះបីជាក្រុម APT28 នេះត្រូវបានមហាអំណាចលោកខាងលិចផ្សេងទៀតចោទប្រកាន់ពីមុនមកក៏ដោយ។
បារាំងក៏បានចាត់ទុកក្រុម APT28 ដដែលនេះថា ជាអ្នកនៅពីក្រោយការវាយប្រហារលួចអ៊ីមែលក្នុងពេលបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៧ ផងដែរ។ ។ គោលដៅនៃការវាយប្រហារទាំងនោះរួមមាន ក្រសួងនានា ក្រុមហ៊ុនការពារជាតិ ក្រុមហ៊ុនអាកាសចរណ៍ ស្ថាប័នស្រាវជ្រាវ និងវិស័យហិរញ្ញវត្ថុរបស់អាល្លឺម៉ង់។
ទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតជាតិបារាំង (ANSSI) បានរាយការណ៍ពីការកើនឡើងនៃការវាយប្រហារកាលពីឆ្នាំ ២០២៤ ដោយមានការវាយប្រហារតាមអ៊ីនធឺណិតប្រមាណ ៤,០០០លើក ត្រូវបានចាត់ថ្នាក់ថាធ្វើឡើងដោយតួអង្គរុស្ស៊ី ហើយការវាយប្រហារចុងក្រោយរបស់ APT28 គឺនៅខែធ្នូ ឆ្នាំ ២០២៤។
ក្រសួងការបរទេសបារាំងបានបញ្ជាក់ថា «សកម្មភាពបង្កអស្ថិរភាពបែបនេះ គឺមិនអាចទទួលយកបាន និងមិនសក្តិសមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឡើយ»។ ក្រសួងបានបន្ថែមថា បារាំងប្តេជ្ញាប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទប់ស្កាត់ និងឆ្លើយតបនឹងអាកប្បកិរិយាអាក្រក់របស់រុស្ស៊ីក្នុងវិស័យអ៊ីនធឺណិត។
គួរបញ្ជាក់ថា ការចោទប្រកាន់ដោយផ្ទាល់នេះ អាចនឹងបង្កើនភាពតានតឹងបន្ថែមទៀតរវាងបារាំង និងរុស្ស៊ី ដែលទំនាក់ទំនងបានធ្លាក់ចុះរួចទៅហើយ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕