(រ៉ូម)៖ ប្រទេសអ៊ីតាលី និង តួកគីយ៉េ បានព្រមព្រៀងបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មការពារជាតិ តាមរយៈគម្រោងថ្មីៗ ព្រមទាំងជំរុញពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែខ្លាំងក្លាថែមទៀត។ ការព្រមព្រៀងនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចពិភាក្សារវាងមេដឹកនាំប្រទេសទាំងពីរនៅទីក្រុងរ៉ូម កាលពីថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ប្រធានាធិបតីតួកគីយ៉េ លោក Tayyip Erdogan ដែលបានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ក្នុងកិច្ចប្រជុំកំពូលអន្តររដ្ឋាភិបាលបានមានប្រសាសន៍ថា «យើងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិរបស់យើងជាមួយអ៊ីតាលី... ជាមួយនឹងភាពជាដៃគូ និងគម្រោងថ្មីៗ»

កាលពីខែមីនា ក្រុមហ៊ុន Leonardo របស់អ៊ីតាលី និងក្រុមហ៊ុន Baykar របស់តួកគីយ៉េ បានប្រកាសពីការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ដើម្បីផលិតយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលលោកស្រី Meloni បានហៅថាជាកិច្ចព្រមព្រៀង «សំខាន់» ដែលនឹង «បើកឱកាសទីផ្សារថ្មី ជាពិសេសនៅអឺរ៉ុប»

មេដឹកនាំទាំងពីរក៏បានប្រកាសពីគោលដៅថ្មីមួយ ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់ ៤០ពាន់លានដុល្លារក្នុងមួយឆ្នាំ។ លោកស្រី Meloni បានកត់សម្គាល់ថា បច្ចុប្បន្នមានក្រុមហ៊ុនអ៊ីតាលីជាង ៤០០ កំពុងប្រតិបត្តិការនៅក្នុងប្រទេសតួកគីយ៉េ ហើយទំហំពាណិជ្ជកម្មកាលពីឆ្នាំមុនបានឈានដល់ ៣២ពាន់លានដុល្លារ។

កិច្ចប្រជុំកំពូលអន្តររដ្ឋាភិបាលនេះ ដែលធ្វើឡើងនៅភូមិគ្រឹះប្រវត្តិសាស្ត្រ Villa Doria Pamphili ក៏មានការចូលរួមពីរដ្ឋមន្ត្រីនៃប្រទេសទាំងពីរផងដែរ ហើយបន្ទាប់ពីកិច្ចប្រជុំ ក្រុមរដ្ឋមន្ត្រីបានផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យផ្សេងៗ។ ទន្ទឹមនឹងនេះ វេទិកាធុរកិច្ចមួយដែលចូលរួមដោយក្រុមហ៊ុននៃប្រទេសទាំងពីរក៏បានប្រព្រឹត្តទៅផងដែរ។

គួរបញ្ជាក់ថា ការពង្រឹងទំនាក់ទំនងនេះកើតឡើង ខណៈដែលប្រទេសទាំងពីរ ដែលជាសមាជិកណាតូ កំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ នៅចំពោះមុខបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល៕