(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី៣០ ខែមេសា បានរាយការណ៍ថាលោក គីម ជុងអ៊ុន បានចេញបញ្ជាឱ្យយោធារបស់លោកបោះជំហានពន្លឿនការបំពាក់ អាវុធនុយក្លេអ៊ែរលើនាវាចម្បាំងរបស់កងទ័ពជើងទឹក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

KCNA បានឱ្យដឹងថាលោក គីម ជុងអ៊ុន បានចេញបញ្ជាបែបនេះបន្ទាប់ពីរូបលោកចុះត្រួតពិនិត្យមើលដោយផ្ទាល់ការធ្វើតេស្ដអាវុធសម្រាប់នាវាពិឃាដថ្មីចុងក្រោយបំផុតរបស់កូរ៉េខាងជើង មានឈ្មោះថា Choe Hyon កាលពីពេលថ្មីៗនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនេះដដែល កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនក៏បានរាយការណ៍ដែរពីការសម្ពោធដាក់ឱ្យប្រើនូវនាវាពិឃាដ Choe Hyon ជាមួយការបង្ហោះរូបភាពវត្តមានចូលរួមរបស់លោក គីម ជុងអ៊ុន រួមជាមួយកូនស្រីឈ្មោះ ជូអេ (Ju Ae) នៅឯពិធីសម្ពោធនោះ។

តាម KCNA នាវាពិឃាដនេះដែលយកឈ្មោះតាមអតីតវីរជនកូរ៉េខាងជើងប្រឆាំងអាណានិគមជប៉ុន Choe Hyon គឺជាប្រភេទនាវាពិឃាដមួយមានទម្ងន់ ៥០០០តោន ដែលត្រូវបានចំណាយ ពេលច្រើនជាង១ឆ្នាំដើម្បីសាងសង់។ ម្យ៉ាងវិញទៀត បើតាមទំហំ ក្រុមអ្នកជំនាញជឿថានាវាពិឃាដ Choe Hyon អាចបំពាក់នូវមីស៊ីលបាញ់ចេញពីនាវាប្រឆាំងគោលដៅនៅលើដីគោក និងអាចបាញ់ចេញពីនាវាប្រឆាំងនឹងគោលដៅលើអាកាស។ មិនតែប៉ុណ្ណោះ នាវាពិឃាដនេះក៏ទំនងជាអាចបំពាក់នូវមីស៊ីលនុយក្លេអ៊ែរតាក់ទិករយៈចម្ងាយខ្លីផងដែរ។

គួរបញ្ជាក់ថា បើតាម KCNA នៅថ្ងៃពុធនេះ កូរ៉េខាងជើងកាលពីថ្ងៃទី២៨ ខែមេសា បានធ្វើតេស្ដបាញ់មីស៊ីលគ្រូសស៊ូបភើសូនិក មីស៊ីលគ្រូសយុទ្ធសាស្ត្រ មីស៊ីលប្រឆាំងយន្ដហោះចម្បាំង និងកាំភ្លើងយន្ដស្វ័យប្រវត្តិ១២៧មីលីម៉ែត្របំពាក់លើនាវាចម្បាំង។ ចំណែក កាលពីថ្ងៃទី២៩ ខែមេសា ទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដបាញ់មីស៊ីលប្រឆាំងនាវាចម្បាំង និងប្រភេទកាំភ្លើងស្វ័យ ប្រវត្តិបំពាក់លើនាវាចម្បាំង៕