(ប៉េកាំង)៖ កងទ័ពជើងទឹករបស់ចិន បានដឹកនាំការល្បាតមួយនៅក្នុងតំបន់សមុទ្រចិនខាងត្បូង កាលពីថ្ងៃអង្គារ ទី២៩ ខែមេសា ដោយនិយាយថាហ្វីលីពីនបានបង្កភាពចលាចល ខណៈកងទ័ពអាកាស ហ្វីលីពីន និងសហរដ្ឋអាមេរិក បានដឹកនាំបេសកកម្មរួមគ្នានៅពីលើដែនទឹកមានជម្លោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កងទ័ពអាមេរិក និងហ្វីលីពីនជាង ១៤ ០០០នាក់ បាន និងកំពុងចូលរួមក្នុងការធ្វើសមយុទ្ធរួមគ្នាមួយដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២១ ខែមេសា រហូតដល់ថ្ងៃទី៩ ខែឧសភា ដើម្បីហ្វឹកហាត់ពី សមត្ថភាពប្រយុទ្ធនៅចំពោះមុខភាពតានតឹងនៅសមុទ្រចិនខាងត្បូង។ ប៉ុន្តែ ចិនបានចាត់ទុកសមយុទ្ធនេះជាសកម្មភាពបង្ករឿង។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ទីបញ្ជាការប្រចាំភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន PLA បាននិយាយថាកងកម្លាំងរបស់ខ្លួនកាលពីថ្ងៃអង្គារ បានដឹកនាំប្រតិបត្តិការល្បាតជាទម្លាប់តាមធម្មតា ក្នុងតំបន់សមុទ្រចិនខាងត្បូង។ តែមិនបានបញ្ជាក់លម្អិតពី ទីតាំងនៃការធ្វើល្បាតនេះនោះទេ។
សេចក្ដីថ្លែងការណ៍នេះដដែល បន្ថែមថាកាលពីពេលថ្មីៗនេះ ហ្វីលីពីនតែងតែធ្វើសកម្មភាពបង្កហេតុ បង្កចលាចល និងអូសទាញប្រទេសខាងក្រៅតំបន់ឱ្យចូលរួមក្នុងសកម្មភាពមួយដែលខ្លួនហៅថា ជាការល្បាតរួមគ្នា។ ដូច្នេះ កងទ័ពជើងទឹក និងកងទ័ពអាកាសនៃទីបញ្ជាការភូមិភាគខាងត្បូង បាននិងកំពុងតាមដានស្ថានការណ៍ និងរក្សាការប្រុងប្រយ័ត្នជានិច្ច។
គួរបញ្ជាក់ថា យោធាហ្វីលីពីន កាលពីថ្ងៃអង្គារ ក៏បានឱ្យដឹងដែរថាកងកម្លាំងទ័ពអាកាសរបស់ខ្លួន និងសហរដ្ឋអាមេរិកបានចូលរួមក្នុងប្រតិបត្តិការល្បាតមួយពីលើតំបន់សមុទ្រចិនខាងត្បូង ជាផ្នែក មួយនៃការពង្រឹងកិច្ចសហប្រតិបតិ្តការការពារជាតិ។ ប្រតិបត្តិការល្បាតសមុទ្រនេះមានការចូលរួមដោយយន្ដហោះចម្បាំង FA-50 មកពីកងទ័ពអាកាសហ្វីលីពីន រួមជាមួយយន្ដហោះទម្លាក់គ្រាប់បែក B-1B ២គ្រឿង យន្ដហោះចម្បាំង F-16 ២គ្រឿង និង F-18 មួយគ្រឿង៕