(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី២៩ ខែមេសា សហរដ្ឋអាមេរិក បានប្រកាសអំពីការអនុម័តចំពោះគម្រោងលក់មីស៉ីល ក្នុងកញ្ចប់មួយមានតម្លៃ ១.៣៣ពាន់លានដុល្លារ ទៅកាន់ប្រទេសប៉ូឡូញ ដែលជាសម្ព័ន្ធមិត្តក្នុងអង្គការ NATO និងមានព្រំប្រទល់ជាប់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
កាលពីថ្ងៃអង្គារ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ DSCA នៃក្រសួងការពារជាតិអាមេរិក បាននិយាយថា គម្រោងលក់សព្វាវុធខាងលើ ដែលជាការលក់មីស៉ីលរយៈចម្ងាយមធ្យមចំនួន៤០០គ្រាប់ សម្រាប់បំពាក់លើយន្តហោះចម្បាំង រួមជាមួយការគាំទ្រដែលពាក់ព័ន្ធផ្សេងៗទៀត ឱ្យទៅប៉ូឡូញ ត្រូវបានផ្តល់ភ្លើងបៃតងដោយក្រសួងការបរទេសអាមេរិក។
គួរបញ្ជាក់ថា ប៉ូឡូញមានគោលដៅបង្កើនការចំណាយលើវិស័យយោធា ឱ្យដល់ខ្ទង់៥ភាគរយនៃ GPD របស់ខ្លួន នៅឆ្នាំក្រោយ ខណៈវាគឺជាការទាមទារចម្បងមួយ របស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់បណ្តាប្រទេសជាសមាជិក NATO។ ជំនួយយោធាភាគច្រើន ដែលត្រូវទៅកាន់ទីក្រុងកៀវ គឺឆ្លងកាត់ប្រទេសប៉ូឡូញ ដែលជាអ្នកគាំទ្រដ៏រឹងមាំមួយរបស់អ៊ុយក្រែន៕