(បាងកក)៖ មួយខែបន្ទាប់ពីអគារកម្ពស់ ៣០ជាន់ដែលមិនទាន់សាងសង់រួច បានដួលរលំក្នុងហេតុការណ៍រញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រនៅមីយ៉ាន់ម៉ា នាំឱ្យរញ្ជួយដល់ប្រទេសថៃ ការស៉ើបអង្កេតរកមូលហេតុបាក់រលំ កំពុងបន្តនៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ ២០២៥។
អគារដែលសង់ឡើងជាទីស្នាក់ការថ្មី នៃការិយាល័យសវនកម្មរដ្ឋរបស់ថៃ (SAO) នៅភាគខាងជើងទីក្រុងបាងកក បានរលំត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ កាលពីថ្ងៃទី ២៨ ខែមីនា ដោយសង្កត់លើកម្មករ ១០៣នាក់នៅនឹងកន្លែង។
អាជ្ញាធរមូលដ្ឋាន ដែលបញ្ចប់ការពិនិត្យមើលអគារផ្សេងទៀត ក្នុងទីក្រុងបាងកក រកឃើញថានៅពេលអគារផ្សេងទៀត ត្រឹមតែខូចខាតប្រេះស្រាំ SAO គឺជាអគាតែមួយគត់ដែលមិនអាចទប់នឹងកម្លាំងរញ្ជួយបាន។ កិច្ចខិតខំប្រឹងប្រែង គឺផ្តោតលើកំទេចកម្ទីថ្ម សម្ភារៈពាក់ព័ន្ធក្នុងការសាងសង់ រួមទាំងកំណាត់បេតុង និងដែកទម្ងន់រាប់ម៉ឺនតោន។
ក្រុមហ៊ុនដែកថែប Xin Ke Yuan Steel ស្ថិតនៅក្រោមការត្រួតពិនិត្យ។ តាមការធ្វើតេស្តជំហានដំបូងដោយ Iron and Steel Institute of Thailand រកឃើញថាសំណាកដែករបស់ក្រុមហ៊ុននេះ មិនត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាព។ អគារ SAO ជាការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនថៃ Italian-Thai Development ជាមួយបុត្រសម្ព័ន្ធក្រុមហ៊ុនរដ្ឋចិន China Railway។
រដ្ឋាភិបាលថៃ បានបង្កើតគណៈកម្មាធិការស្វែងរកការពិត ហើយគណៈកម្មាធិការ នឹងបង្ហាញការរកឃើញរបស់ពួកគេក្នុងរយៈពេលប្រហែលពីរខែ។ ប្រធានគណៈកម្មាធិការ លោក Surachet Pravinvongvuth បាននិយាយថា សាធារណជន គួរតែដឹងព័ត៌មានលម្អិតអំពីអ្វីដែលពួកគេ នឹងផ្តល់ឱ្យក្នុងរយៈពេល ៩០ថ្ងៃ ខាងមុខទៀត៕