(កៀវ)៖ ប្រទេសអ៊ុយក្រែន បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិក ស្តីពីការអភិវឌ្ឍធនធានរ៉ែរបស់ខ្លួន ដែលអាចនឹងធ្វើឡើងនៅល្ងាចថ្ងៃពុធ ទី៣០ ខែមេសា ម៉ោងនៅទីក្រុងកៀវ។ នេះបើយោងតាមប្រភពរដ្ឋាភិបាលអ៊ុយក្រែន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥។
ប្រភពដដែលបានបន្ថែមថា ឧបនាយករដ្ឋមន្ត្រីទីមួយ លោកស្រី Yulia Svyrydenko កំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ កាលពីថ្ងៃទី១៨ ខែមេសា ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយរួចហើយ ដែលជាជំហានដំបូងឆ្ពោះទៅរកកិច្ចព្រមព្រៀងនេះ ដោយគ្រោងនឹងបញ្ចប់ការចរចានៅថ្ងៃទី ២៦ ខែមេសា និងចុះហត្ថលេខាឲ្យបានឆាប់បំផុត។
កាលពីថ្ងៃទី២០ ខែមេសា នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានបញ្ជាក់ថា ជំនួយដែលសហរដ្ឋអាមេរិកបានផ្តល់ដល់អ៊ុយក្រែនកន្លងមក នឹងមិនត្រូវបានរាប់បញ្ចូលជាផ្នែកនៃកិច្ចព្រមព្រៀងរ៉ែនេះទេ។ មន្ត្រីអ៊ុយក្រែនសង្ឃឹមថា កិច្ចព្រមព្រៀងដែលជំរុញ ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ នេះ នឹងជួយពង្រឹងការគាំទ្ររបស់អាមេរិកឡើងវិញសម្រាប់អ៊ុយក្រែន ដែលបច្ចុប្បន្នកំពុងថមថយក្នុងសង្គ្រាមជាមួយរុស្ស៊ី។
កាលពីសប្តាហ៍មុន ក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក លោក Shmyhal ក៏បានជួបជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent ហើយបានរាយការណ៍ពី «វឌ្ឍនភាពល្អ» លើកិច្ចព្រមព្រៀងនេះ។ លោក Shmyhal ក៏បានបញ្ជាក់ដែរថា ទីក្រុងកៀវបានកំណត់បន្ទាត់ក្រហមច្បាស់លាស់ ទាក់ទងនឹងការធានាថាកិច្ចព្រមព្រៀងនេះ អនុលោមតាមកាតព្វកិច្ចអឺរ៉ុប និងច្បាប់របស់អ៊ុយក្រែន។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីធនធានរ៉ែនេះ អាចនឹងក្លាយជាផ្នែកមួយនៃទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ខណៈពេលដែលសង្គ្រាមកំពុងបន្ត៕