(មូស្គូ)៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃពុធ ទី៣០ ខែមេសា ថា ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅតែបើកចំហចំពោះដំណោះស្រាយសន្តិភាពប្រទេសអ៊ុយក្រែន ហើយការងារដ៏មមាញឹកកំពុងបន្តជាមួយសហរដ្ឋអាមេរិក ប៉ុន្តែបានព្រមានថា ជម្លោះនេះស្មុគស្មាញពេក ដែលមិនអាចដោះស្រាយបានឆាប់រហ័សដូចបំណងរបស់ក្រុងវ៉ាស៊ីនតោនឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា «លោកប្រធានាធិបតីរុស្ស៊ី នៅតែបើកចំហចំពោះវិធីសាស្ត្រនយោបាយ និងការទូតក្នុងការដោះស្រាយជម្លោះនេះ» ដោយលោកបានរំលឹកថា លោក ពូទីន បានបង្ហាញឆន្ទៈចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ប៉ុន្តែមិនទាន់មានចម្លើយពីក្រុងកៀវទេ។
លោក Peskov បានថ្លែងទៀតថា «យើងយល់ថាទីក្រុងវ៉ាស៊ីនតោនមានឆន្ទៈក្នុងការសម្រេចបាននូវភាពជោគជ័យយ៉ាងឆាប់រហ័សនៅក្នុងដំណើរការនេះ» ប៉ុន្តែមូលហេតុនៃសង្គ្រាមអ៊ុយក្រែនគឺ «ស្មុគស្មាញពេកដែលមិនអាចដោះស្រាយក្នុងមួយថ្ងៃទេ»។
ភ្លាមៗបន្ទាប់ពីការអត្ថាធិប្បាយរបស់វិមានក្រឹមឡាំង រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានឆ្លើយតបថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពក្នុងទម្រង់ណាមួយ ប្រសិនបើទីក្រុងមូស្គូព្រមចុះហត្ថលេខាលើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌជាមុន។ កន្លងមក លោក ពូទីន ធ្លាប់ស្វាគមន៍គំនិតបទឈប់បាញ់នេះ ប៉ុន្តែថាត្រូវមានការដោះស្រាយបញ្ហាលម្អិតជាច្រើនទៀត។
គួរបញ្ជាក់ថា ការប្រកាសជំហរនេះ កើតឡើងចំពេលរដ្ឋបាលលោក ត្រាំ ដែលចង់បានកេរ្តិ៍ឈ្មោះជាអ្នកបង្កើតសន្តិភាព កំពុងបង្ហាញការមិនអត់ធ្មត់ចំពោះកង្វះវឌ្ឍនភាពក្នុងការបញ្ចប់សង្គ្រាម។ សង្គ្រាមនេះ ដែលផ្តើមដោយការឈ្លានពានរបស់រុស្ស៊ីឆ្នាំ ២០២២ បានបង្កជាការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរបំផុតរវាងមូស្គូ និងលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបា៕