(ហ្សេរុយសាឡឹម)៖ ភ្លើងឆេះព្រៃដែលបង្កឡើងដោយកម្តៅខ្លាំង និងខ្យល់បក់ខ្លាំង បានឆាបឆេះនៅតំបន់ជិតទីក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃពុធ ទី៣០ ខែមេសា បង្ខំឲ្យអាជ្ញាធរធ្វើការជម្លៀសសហគមន៍មួយចំនួន និងបិទផ្លូវហាយវ៉េសំខាន់មួយ ខណៈដែលប្រទេសអ៊ីស្រាអែលកំពុងប្រារព្ធទិវារំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
អាជ្ញាធរបានបិទផ្លូវហាយវ៉េ ដែលតភ្ជាប់ពីក្រុងហ្សេរុយសាឡឹមទៅកាន់ទីក្រុង Tel Aviv នៅជិតទីតាំងដែលភ្លើងកំពុងឆេះ។ ប៉ូលិសបាននិយាយថា សហគមន៍ចំនួន ៣ ត្រូវបានជម្លៀសចេញ ហើយមេបញ្ជាការប៉ូលិសស្រុកបានណែនាំឲ្យត្រៀមលក្ខណៈជម្លៀសសហគមន៍បន្ថែមទៀតប្រសិនបើចាំបាច់។ ទូរទស្សន៍បានបង្ហាញរូបភាពអណ្តាតភ្លើងឆេះក្បែរផ្លូវហាយវ៉េ និងមនុស្សដែលបោះបង់រថយន្តចោលដើម្បីរត់គេចពីភ្លើង។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ក្រុមពន្លត់អគ្គិភ័យ និងជួយសង្គ្រោះប្រមាណ ១២០ក្រុម ត្រូវបានដាក់ពង្រាយ រួមជាមួយយន្តហោះ និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) រួមទាំងបញ្ជាការដ្ឋានការពារដែនដី កងទ័ពអាកាស និងអង្គភាពស្វែងរកនិងសង្គ្រោះ ក៏បានចូលរួមជួយពន្លត់ភ្លើង និងជម្លៀសប្រជាជនផងដែរ។ មានសេចក្តីរាយការណ៍ថា មនុស្ស ១២នាក់បានរងរបួសដោយសារការស្រូបផ្សែង។ អ៊ីស្រាអែលក៏បានស្នើសុំជំនួយពន្លត់អគ្គិភ័យពីប្រទេសយ៉ាងតិច ៥ គឺ ក្រិក ប៊ុលហ្គារី ក្រូអាត អ៊ីតាលី និង ស៊ីប។
គួរបញ្ជាក់ថា ការឆាបឆេះនេះកើតឡើង បន្ទាប់ពីសេវាពន្លត់អគ្គិភ័យ និងជួយសង្គ្រោះ កាលពីថ្ងៃអង្គារ បានប្រកាសហាមឃាត់ការដុតភ្លើងរហូតដល់ថ្ងៃទី ៧ ខែឧសភា ដោយសារតែស្ថានភាពអាកាសធាតុអំណោយផលដល់ការឆេះរាលដាល។ ការហាមឃាត់នេះធ្វើឡើងខណៈទិវាបុណ្យឯករាជ្យជាតិលើកទី ៧៧ របស់អ៊ីស្រាអែលនឹងចាប់ផ្តើមនៅយប់ថ្ងៃពុធនេះ ដែលជាទម្លាប់ប្រជាជនតែងតែដុតភ្លើង និងអាំងសាច់អបអរ (BBQ)៕