(Reuters)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth កាលពីថ្ងៃពុធ ទី៣០ ខែមេសា បានព្រមានថាអ៉ីរ៉ង់នឹងត្រូវប្រឈមមុខនឹងផលវិបាក សម្រាប់ការគាំទ្រដល់ក្រុមហ៊ូទី បើទោះជា សហរដ្ឋអាមេរិកកំពុងបើកកិច្ចចរចាឡើងវិញជាមួយតេហេរ៉ង់ ស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ មកទល់នឹងពេលនេះបានរៀបចំកិច្ចចរចាដោយប្រយោលចំនួន៣ជុំរួចមកហើយ ដោយមានការសម្របសម្រួលពីប្រទេសអូម៉ង់ ដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយដែលនឹង រារាំងមិនឱ្យអ៉ីរ៉ង់ផលិត ឬកាន់កាប់អាវុធនុយក្លេអ៊ែរ ជាថ្នូរទៅនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច។ ភាគីទាំង២នឹងត្រូវជួបចរចាគ្នាសាជាថ្មីនៅក្នុងទីក្រុងរ៉ូម នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ ក្នុងការបង្ហោះមួយ លើបណ្ដាញទំនាក់ទំនងសង្គម X រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានគូសបញ្ជាក់ថា «ជាសារទៅកាន់អ៉ីរ៉ង់៖ យើងកំពុងឃើញការផ្ដល់ជំនួយជាអាវុធរបស់អ្នកទៅឱ្យក្រុមហ៊ូទី។ យើងបានដឹងយ៉ាងច្បាស់ពីអ្វីដែលអ្នកកំពុងធ្វើ។ អ្នកក៏បានដឹងច្បាស់ហើយដែរពីសមត្ថភាពរបស់យោធាអាមេរិក...ដូច្នេះអ្នកនឹងត្រូវប្រឈមមុខនឹងផលវិបាក ក្នុងពេលវេលា និងទីកន្លែងដែលយើង ជាអ្នកជ្រើសរើស»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងគោលដៅជាង ១០០០របស់ក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន ចាប់តាំងពីរដ្ឋបាលលោក ដូណាល់ ត្រាំ ចាប់ផ្ដើម ការវាយប្រហារតាមផ្លូវអាកាសឡើងវិញកាលពីខែមីនាមក។ ប៉ុន្តែ ជារឿយៗ មេដឹកនាំអ៉ីរ៉ង់បានអះអាងក្រុមហ៊ូទីធ្វើសកម្មភាពដោយឯករាជ្យ៕