(ប៉េកាំង)៖ បន្ទាប់ពីកាន់អំណាច១០០ថ្ងៃ លោកត្រាំនិងគោលនយោបាយ “អាមេរិកជាអាទិភាព”របស់លោកបានជួបប្រទះឧបសគ្គធំ ! តាមការស្ទង់មតិពីរលើករបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន១ម៉ឺន៥ពាន់៩រយ៤៧នាក់ ដែលមកពីប្រទេសចំនួន៣៨លើពិភពលោកនៅខែកុម្ភៈនិងខែមេសាឆ្នាំនេះឱ្យដឹងថា កម្រិតពេញចិត្តរបស់ អ្នកផ្តល់បទសម្ភាសន៍អាមេរិក ចំពោះសភាពការណ៍កាន់អំណាចរបស់លោកត្រាំ បានធ្លាក់ចុះយ៉ាងឆាប់រហ័ស និន្នាការនៃគោលនយោបាយការទូត “អាមេរិកជាអាទិភាព” ធ្វើឱ្យអ្នកផ្តល់បទសម្ភាសន៍មកពីប្រទេស ជាសម្ព័ន្ធមិត្តប្រពៃណីរបស់អាមេរិក និងប្រទេសសកលខាងត្បូងមានទុទិដ្ឋិនិយម ចំពោះអនាគតនៃទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីកំពុងរងវិបត្តិទំនុកចិត្តជាសកលដ៏ធ្ងន់ធ្ងរ។
តាមទិន្នន័យបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍អាមេរិកចំនួន៤៨,៩ភាគរយ មិនពេញចិត្តចំពោះការកាន់អំណាច នៃរដ្ឋាភិបាលអាមេរិកអាណត្តិថ្មី ចាប់តាំងពីពេលចូលកាន់អំណាចមកម៉្លេះ ។ ក្នុងនោះ អ្នកផ្តល់បទសម្ភាសន៍អាមេរិក ចំនួន៥៣,១ភាគរយបានរិះគន់ថា គោលនយោបាយ “ពន្ធគយបដិការ”របស់រដ្ឋាភិបាលអាមេរិកបានបង្ក ផលប៉ះពាល់យ៉ាងខ្លាំងដល់ ទីផ្សារភាគហ៊ុនអាមេរិក ហើយអ្នកផ្តល់បទសម្ភាសន៍អាមេរិកចំនួន ៦០,៤ភាគរយបានយល់ឃើញថា គោលនយោបាយសេដ្ឋកិច្ចក្នុងស្រុករបស់អាមេរិក មិនត្រឹមតែមិនអាចទប់ស្កាត់ អតិផរណាប៉ុណ្ណោះទេ ផ្ទុយទៅវិញបែរជាបណ្តាល ឱ្យតម្លៃទំនិញឡើងថ្លៃទៅវិញ។
គោលនយោបាយ “សហរដ្ឋអាមេរិកជាអាទិភាព” ធ្វើឱ្យទូទាំងពិភពលោកត្រូវបង់តម្លៃ ដែលបំផ្លាញយ៉ាងខ្លាំង នូវកម្រិតទំនុកចិត្តរបស់សម្ព័ន្ធមិត្តប្រពៃណីរបស់អាមេរិក ។ តាមទិន្នន័យបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍របស់ ប្រទេសជាច្រើនដូចជាកាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុននិងអូស្ត្រាលីជាដើមបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ ក្រៅពីនេះ អ្នកផ្តល់បទសម្ភាសន៍បានសម្គាល់ឃើញជាទូទៅថា គំនិត “សហរដ្ឋអាមេរិកជាអាទិភាព” ធ្វើឱ្យសហរដ្ឋអាមេរិក កាន់តែធ្វេសប្រហែសចំពោះសម្ព័ន្ធមិត្តប្រពៃណីរបស់ខ្លួន។
ការស្ទង់មតិនេះសហការរៀបចំដោយបណ្តាញទូរទស្សន៍ CGTN ជាមួយសកលវិទ្យាល័យប្រជាជនចិនដោយ អ្នកចូលរួមផ្តល់បទសម្ភាសន៍ចំនួន ១ម៉ឺន៥ពាន់៩រយ៤៧នាក់ ដែលមកពីប្រទេសចំនួន៣៨លើទូទាំងពិភពលោក ដែលបូករួមទាំងប្រទេសអភិវឌ្ឍន៍ដូចជា សហរដ្ឋអាមេរិក អង់គ្លេស បារាំងនិងជប៉ុនជាដើម ហើយក៏មានអ្នកផ្តល់បទសម្ភាសន៍ មកពីប្រទេសកំពុងអភិវឌ្ឍន៍ដូចជាម៉ិកស៊ិក អាហ្វ្រិកខាងត្បូងនិងម៉ាឡេស៊ីជាដើម៕
វិទ្យុមិត្តភាពកម្ពុជាចិន