(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយចិនមួយ បានរាយការណ៍ថា ក្រុមមន្រ្តីរបស់សហរដ្ឋអាមេរិក បានទាក់ទងមកកាន់សមភាគីចិន ដើម្បីស្នើកិច្ចពិភាក្សាអំពីសង្រ្គាមពាណិជ្ជកម្ម ដែលបានជះផលប៉ះពាល់យ៉ាងខ្លាំងចំពោះ ទីផ្សារហិរញ្ញវត្ថុពិភពលោក និងខ្សែចង្វាក់ផ្គត់ផ្គង់សកល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
កាលពីខែមេសាកន្លងទៅ សហរដ្ឋអាមេរិកបានដំឡើងពន្ធគយដល់ ១៤៥ភាគរយលើទំនិញចិនភាគច្រើន ហើយជាការឆ្លើយតប ទីក្រុងប៉េកាំងបានដំឡើងពន្ធ ១២៥ភាគរយវិញ លើទំនិញអាមេរិក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់អះអាងជាដដែលៗថា ចិនបានទាក់ទងទៅទីក្រុងវ៉ាស៉ីនតោន ដើម្បីសុំចរចាបញ្ហាពន្ធគយ ប៉ុន្តែទីក្រុងប៉េកាំង បានបដិសេធជារឿងមិនពិត ហើយថាមិនទាន់មានការចរចាគ្នានៅឡើយទេ។
នៅថ្ងៃព្រហស្បតិ៍នេះ សារព័ត៌មានចិន Yuyuan Tantian ដែលមានទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ថា ទីក្រុងវ៉ាស៉ីនតោនបាននិងកំពុងទាក់ទងយ៉ាងសកម្ម មកកាន់រដ្ឋាភិបាលទីក្រុងប៉េកាំង តាមច្រកទំនាក់ទំនងផ្សេងៗ ដើម្បីស្នើឱ្យមានកិច្ចពិភាក្សាជុំវិញរឿងពន្ធ។ សារព័ត៌មានចិននោះ បានគូសបញ្ជាក់បន្ថែមដូច្នេះថា «បើតាមទស្សនៈនៃការចរចា សហរដ្ឋអាមេរិកបច្ចុប្បន្ន គឺជាភាគីដែលមានការភ័យព្រួយខ្លាំងជាង ខណៈរដ្ឋបាលលោក ត្រាំ កំពុងប្រឈមសម្ពាធជាច្រើន»។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានទទូចម្តងហើយម្តងទៀត ឱ្យសហរដ្ឋអាមេរិកបញ្ឈប់ទង្វើឯកតោភាគី និងការសម្លុតគំរាមរបស់ខ្លួន ហើយចូលរួមក្នុងកិច្ចសន្ទនា ប្រកបដោយឥរិយាបថស្មើភាពគ្នា និងគោរពគ្នាទៅវិញទៅមក។ ប៉ុន្តែទន្ទឹមនឹងនោះ ចិនបានសង្កត់ធ្ងន់ថា ខ្លួននឹងប្រយុទ្ធតស៊ូក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក រហូតដល់ទីបញ្ចប់ប្រសិនបើចាំបាច់ ហើយប្តេជ្ញាមិនលុតជង្គង់ចុះចាញ់ដាច់ខាត៕