(អ៉ីស្លាម៉ាបាដ)៖ នាថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា អាជ្ញាធរនៅផ្នែកគ្រប់គ្រងដោយប៉ាគីស្ថាន ក្នុងតំបន់ Kashmir បានសម្រេចចិត្ត​បិទទ្វារសាលាសាសនាជាង១០០០កន្លែង ដោយសារតែក្តីបារម្ភអំពីលទ្ធភាពនៃការធ្វើសកម្មភាពយោធាពីសំណាក់ប្រទេសឥណ្ឌា ដើម្បសងសឹកប្រឆាំងការវាយប្រហារដ៏ប្រល័យរបស់ក្រុមសកម្មប្រយុទ្ធ កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ឥណ្ឌាបានបន្ទោសប៉ាគីស្ថាន សម្រាប់ករណីបាញ់រះដែលបានសម្លាប់មនុស្ស២៦នាក់ កាលពីថ្ងៃទី២២ ខែមេសា នៅផ្នែកនៃតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា។ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានផ្តល់ភ្លើងបៃតងដល់យោធាឥណ្ឌា ឱ្យមានសិទ្ធិទាំងស្រុងក្នុងការធ្វើប្រតិបត្តិការ។

ដោយបដិសេធជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនោះ ទីក្រុងអ៉ីស្លាម៉ាបាដបាននិយាយថា ខ្លួនមានព័ត៌មានស៉ើបការណ៍សម្ងាត់គួរឱ្យជឿជាក់ ដែលបង្ហាញថា នាពេលនេះឥណ្ឌាកំពុងប្រុងជើងការធ្វើសកម្មយោធា ដើម្បីសងសឹកក្នុងពេលឆាប់ៗ ហើយប្តេជ្ញាថា សកម្មភាពបំពានណាមួយក៏ដោយ នឹងត្រូវទទួលរងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់វិញ ពីប៉ាគីស្ថានមិនខាន។ រដ្ឋមន្រ្តីការបរទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ជនល្មើស អ្នកគាំទ្រ និងអ្នករៀបចំផែនការទាំងអស់ នៃការវាយប្រហារថ្ងៃទី២២ ខែមេសា ចាំបាច់ត្រូវតែនាំខ្លួន មកប្រឈមមុខជាមួយផ្លូវច្បាប់។

ដោយសារក្តីបារម្ភ អាជ្ញាធរប៉ាគីស្ថាន បានសម្រេចបិទសាលាសាសនាច្រើនជាង ១០០០កន្លែង សម្រាប់រយៈពេល១០ថ្ងៃ នៅផ្នែកដែលខ្លួនគ្រប់គ្រងក្នុងតំបន់ Kashmir។ ប្រភពពីមន្ទីរកិច្ចការសាសនាប្រចាំតំបន់ បានបង្ហើបឱ្យដឹងថា ការបិទនេះ គឺដោយសារតែភាពតានតឹងនៅព្រំដែន និងហានិភ័យនៃការផ្ទុះឡើងនូវជម្លោះ។ កាលពីថ្ងៃព្រហស្បតិ៍ ខាងឥណ្ឌា បានបន្តរាយការណ៍ អំពីការបាញ់កាំភ្លើងតបតទៅមក៧យប់ជាប់គ្នា រវាងកងទ័ពនៃប្រទេសទាំងពីរ នៅព្រំប្រទល់តំបន់ Kashmir។

គួរបញ្ជាក់ថា Kashmir គឺជាតំបន់មានមនុស្សរស់នៅប្រហែល១៥លាននាក់ ភាគច្រើនជាជនមូស្លីម ហើយប្រមាណជាង ១.៥លាននាក់ រស់នៅក្បែរខ្សែបន្ទាត់ព្រំដែនប៉ែកខាងប៉ាគីស្ថាន។ តំបន់ Kashmir ត្រូវបានពុះចែករវាងប៉ាគីស្ថាននិងឥណ្ឌា ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរ ហើយធ្លាប់ធ្វើសង្រ្គាម២លើកនឹងគ្នា ដើម្បីដណ្តើមដែនដីមានវិវាទមួយនេះ៕