(សេអ៊ូល)៖ អតីតនាយករដ្ឋមន្ត្រី និងប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង លោក Han Duck-soo នៅថ្ងៃទី២ ខែឧសភា បានប្រកាសថាលោកនឹងឈរឈ្មោះចូលរួមប្រកួតប្រជែងក្នុង ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី បន្ទាប់ពីលោកបានប្រកាសលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្រកាសខាងលើរបស់លោក Han Duck-soo នៅឯសភាជាតិកើតមានឡើង ១ខែ មុនប្រជាជនកូរ៉េខាងត្បូងត្រូវបោះឆ្នោតនៅថ្ងៃទី៣ ខែមិថុនា ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី ជំនួស អតីតប្រធានាធិបតី លោក Yoon Suk Yeol ដែលត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង។ នៅមុនការប្រកាសឈរឈ្មោះ លោក Han ធ្លាប់ស្ថិតនៅក្នុងចំណោមអ្នកនយោបាយ អភិរក្សនិយមមានប្រជាប្រិយភាព ដើម្បីប្រកួតប្រជជែងជាមួយបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រឆាំង លោក Lee Jae-myung។
នៅក្នុងការប្រកាសឈរឈ្មោះ លោក Han Duck-soo ក៏បានសន្យាដែរថាលោកនឹងដឹកនាំការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញដើម្បីកាត់បន្ថយអាណត្តិប្រធានាធិបតីឱ្យមានរយៈពេលខ្លីជាមុន ហើយនឹងប្រើប្រាស់ជំនាញសេដ្ឋកិច្ចរបស់លោក ដើម្បីដោះស្រាយវិបត្តិនៅក្នុងពាណិជ្ជកម្ម៕