(វ៉ាស៉ីនតោន)៖ ក្នុងកិច្ចសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក Fox News នៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា សង្រ្គាមនៅអ៊ុយក្រែន នឹងមិនអាចបញ្ចប់ក្នុងពេលឆាប់ៗទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Vance បានលើកឡើងថា សំណួរដែលកំពុងប្រឈមរដ្ឋាភិបាលអាមេរិកនាពេលនេះ គឺថាតើទីក្រុងវ៉ាស៉ីនតោន អាចជួយរុស្ស៉ីនិងអ៊ុយក្រែនស្វែងរក ការព្រមព្រៀងគ្នាដោយរបៀបណា ដើម្បីបិទបញ្ចប់សង្រ្គាមដែលបានអូសបន្លាយអស់រយៈពេលជាង ៣ឆ្នាំមកហើយ។ លោក Vance បានសង្កត់ធ្ងន់ថា «ចុងក្រោយបំផុត អ្វីៗគឺស្រេចតែទៅលើរុស្ស៉ីនិងអ៊ុយក្រែនផ្ទាល់ប៉ុណ្ណោះ ដើម្បីព្រមព្រៀងគ្នា ហើយបញ្ឈប់ជម្លោះដ៏អាក្រក់មួយនេះ ខណៈសម្រាប់ឥឡូវ គឺភ្លើងសង្រ្គាមហាក់មិនកំពុងរលត់ទៅវិញទេ ពោលគឺវានឹងមិនអាចបញ្ចប់ក្នុងពេលឆាប់ៗឡើយ»។
គួរបញ្ជាក់ថា តាំងតែពីមុនពេលជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា រដ្ឋបាលរបស់លោក នឹងរំលត់សង្រ្គាមនៅអ៊ុយក្រែន ដោយប្រើប្រាស់ពេលត្រឹម ២៤ម៉ោងប៉ុណ្ណោះ។ ក្នុងសប្តាហ៍នេះ លោក ត្រាំ បានអះអាងថា អ៊ុយក្រែនប្រហែលជាស្ម័គ្រចិត្តលះបង់តំបន់គ្រីមៀ ដែលរុស្ស៉ីបានក្រសោបយកទៅគ្រប់គ្រង តាំងតែពីឆ្នាំ២០១៤មក ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា រូបលោកនឹងមិនអាចទទួលស្គាល់ ការកាន់កាប់របស់រុស្ស៉ីនៅឧបទ្វីបនោះឡើយ ដោយសាររដ្ឋធម្មនុញ្ញរបស់អ៊ុយក្រែន។
ក្នុងសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសបទឈប់បាញ់បណ្តោះអាសន្ន៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែឧសភា ដើម្បីអបអរខួបនៃទិវាជ័យជម្នះសង្រ្គាមលោកលើកទី២។ ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន បានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗ រយៈពេល៣០ថ្ងៃ។ យ៉ាងណាមិញ មកទល់ពេលនេះ ការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរ បាននិងកំពុងនៅតែបន្ត៕