(សេអ៊ូល)៖ គណបក្សអំណាចប្រជាជនដែលជាបក្សកាន់អំណាច និងជាបក្សអភិរក្សនិយមនៅកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី៣ ខែឧសភា បានសម្រេចតែងតាំងអតីតរដ្ឋមន្ត្រីក្រសួងការងារ លោក Kim Moon-soo ជាបេក្ខជនប្រធានាធិបតីរបស់ខ្លួន សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី៣ ខែមិថុនាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Kim Moon-soo ទទួលបានការគាំទ្រ ៥៦.៥ភាគរយ នៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សអំណាចប្រជាជន (PPP) ដោយផ្ដួលអតីតមេដឹកនាំគណបក្ស PPP លោក Han Dong-hoon ដែលទទួលបាន សំឡេងគាំទ្រ ៤៣.៥ភាគរយ។ លោក Kim Moon-soo មានអាយុ៧៣ឆ្នាំ នឹងត្រូវប្រកួតប្រជែងជាមួយបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ គឺលោក Lee Jae-myung ដែលបច្ចុប្បន្នកំពុងមានសំឡេង នាំមុខគេបេក្ខជនមកពីគណបក្សអភិរក្សនិយម នៅក្នុងការស្ទង់មតិ។

ការបោះឆ្នោតមុនអាណត្តិនៅកូរ៉េខាងត្បូង ត្រូវបានប្រកាសធ្វើឡើង បន្ទាប់ពីតុលាការធម្មនុញ្ញបានសម្រេចទម្លាក់លោក Yoon Suk Yeol ចេញពីតំណែងជាប្រធានាធិបតី កាលពីខែមេសា ជុំវិញការប្រកាសដាក់ឱ្យប្រើ ច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤៕