(មូស្គូ)៖ កាលពីថ្ងៃសៅរ៍ ទី៣ ខែឧសភា វិមានក្រឹមឡាំងបាននិយាយថា ខ្លួនចង់បានចម្លើយឱ្យច្បាស់មួយពីអ៊ុយក្រែន ចំពោះការប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃ របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន សម្រាប់សប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ Reuters។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ពូទីន បានប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃ ដើម្បីប្រារព្ធខួបទី៨០ នៃទិវាជ័យជម្នះរបស់សហភាពសូវៀតនិងសម្ព័ន្ធមិត្តលើរបបណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២។ វិមានក្រឹមឡាំង បាននិយាយថា បទឈប់បាញ់រយៈពេល៧២ម៉ោងនោះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧសភា ខណៈនៅថ្ងៃទី៩ គឺជាពេលដែលលោក ពូទីន ទទួលស្វាគមន៍បណ្តាមេដឹកនាំអន្តរជាតិ នៅទីលាន Red Square នៃរដ្ឋធានីមូស្គូ រួមមានទាំងប្រធានាធិបតីចិន លោក ស៉ី ជីនពីង ផងដែរ ក្នុងព្រឹត្តិការណ៍រៀបចំព្យុហយាត្រាយោធា អបអរទិវាជ័យជម្នះ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហាក់ដូចជាបានបដិសេធ ចំពោះសំណើបទឈប់បាញ់រយៈពេលខ្លីរបស់លោក ពូទីន ដោយនិយាយថា រូបលោកនឹងត្រៀមលក្ខណៈរួចរាល់ ដើម្បីយល់ព្រមតែចំពោះបទឈប់បាញ់ណាមួយ ដែលនឹងមានរយៈពេលយ៉ាងហោច ៣០ថ្ងៃប៉ុណ្ណោះ។ លោក ហ្សេលេនស្គី ថែមទាំងបានបន្តទៀតថា ដោយសារសង្រ្គាមជាមួយរុស្ស៉ី អ៊ុយក្រែនមិនអាចធានាបានឡើយ ចំពោះសុវត្ថិភាពរបស់ឥស្សរជនបរទេសទាំងឡាយ ដែលទៅទីក្រុងមូស្គូ ដើម្បីចូលរួមពិធីព្យុហយាត្រាយោធាថ្ងៃ៩ ឧសភា។
ក្រសួងការបរទេសរុស្ស៉ី បាននិយាយថា ការអត្ថាធិប្បាយដូចខាងលើរបស់លោកប្រធានាធិបតីអ៊ុយក្រែន គឺស្មើនឹងការគំរាមកំហែង ហើយមន្រ្តីសន្តិសុខជាន់ខ្ពស់រុស្ស៉ីមួយរូប គឺលោក Dmitry Medvedev ដែលជាមនុស្សជំនិតរបស់លោក ពូទីន បានចេញមុខព្រមានថា គ្មាននរណាអាចធានាបានទេថា រដ្ឋធានីកៀវរបស់អ៊ុយក្រែន នឹងអាចឆ្លងផុតដល់ថ្ងៃ១០ ឧសភា ដែរឬអត់ ប្រសិនបើអ៊ុយក្រែនហ៊ានវាយប្រហារទីក្រុងមូស្គូ អំឡុងពិធីអបអរ ៩ ឧសភា៕