(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលជាមេដឹកនាំវិមានក្រឹមឡាំងកាន់អំណាចយូរជាងគេបំផុតចាប់តាំងពីសម័យលោក ចូសេហ្វ ស្តាលីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ទី៤ ខែឧសភា ថា លោកតែងតែគិតគូរអំពីអ្នកដែលអាចស្នងតំណែងបន្តពីលោក ហើយបានលើកឡើងថា អាចនឹងមានបេក្ខជនច្រើនរូបសម្រាប់ប្រជាជនជ្រើសរើស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងខ្សែភាពយន្តឯកសាររបស់ទូរទស្សន៍រដ្ឋ មានចំណងជើងថា «រុស្ស៊ី វិមានក្រឹមឡាំង ពូទីន ២៥ឆ្នាំ» លោក ពូទីន អាយុ ៧២ឆ្នាំ បានមានប្រសាសន៍ថា​ «ខ្ញុំតែងតែគិតអំពី​ (រឿងអ្នកស្នងតំណែង)»។ លោកបានបន្ថែមថា​ «នៅទីបំផុត ជម្រើសគឺជារបស់ប្រជាជន គឺប្រជាជនរុស្ស៊ី... ខ្ញុំគិតថាគួរតែមានមនុស្សម្នាក់ ឬច្រើននាក់ ដើម្បីឲ្យប្រជាជនមានជម្រើស»

លោក ពូទីន ដែលជាអតីតមន្ត្រី KGB ត្រូវបានប្រគល់តំណែងប្រធានាធិបតីដោយលោក បូរីស យេលស៊ីន (Boris Yeltsin) នៅថ្ងៃចុងក្រោយនៃឆ្នាំ ១៩៩៩។ លោកបានបម្រើការជាប្រធានាធិបតីពីឆ្នាំ ១៩៩៩ ដល់ ២០០៨, បន្ទាប់មកជានាយករដ្ឋមន្ត្រីរហូតដល់ឆ្នាំ ២០១២, ហើយបានត្រឡប់មកធ្វើជាប្រធានាធិបតីវិញពីឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ន។

បច្ចុប្បន្ន មិនទាន់មានបុគ្គលណាម្នាក់ ដែលត្រូវបានគេមើលឃើញថា នឹងក្លាយជាអ្នកបន្តតំណែងពីលោក ពូទីន នៅឡើយទេ។ ទោះយ៉ាងណា បើយោងតាមរដ្ឋធម្មនុញ្ញរុស្ស៊ី ប្រសិនបើប្រធានាធិបតីមិនអាចបំពេញភារកិច្ចបាន នាយករដ្ឋមន្ត្រី នឹងឡើងកាន់អំណាចជាប្រធានាធិបតីស្តីទី។

គួរបញ្ជាក់ថា សំណួរអំពីអ្នកស្នងតំណែងរបស់លោក ពូទីន គឺជាប្រធានបទដ៏សំខាន់មួយនៅក្នុងឆាកនយោបាយរុស្ស៊ី និងអន្តរជាតិ ដោយសារតែការកាន់អំណាចដ៏យូររបស់លោក និងឥទ្ធិពលរបស់រុស្ស៊ីនៅលើពិភពលោក៕