(កង់បេរ៉ា)៖ នៅថ្ងៃចន្ទ ទី៥ ខែឧសភា អូស្រ្តាលីនិងនូវែលសេឡង់ បាននិយាយថា ពួកគេនឹងផ្តល់ការគាំទ្រសម្រាប់ឧស្សាហកម្មខ្សែភាពយន្តរបស់ប្រទេសទាំងពីរ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការបញ្ជាឱ្យយកពន្ធ១០០ភាគរយ លើភាពយន្តទាំងឡាយ ដែលផលិតនៅក្រៅប្រទេសរបស់លោក។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្រ្តីមហាផ្ទៃអូស្រ្តាលី លោក Tony Burke បាននិយាយថា រូបលោកបានជជែករួចហើយជាមួយប្រធានទីភ្នាក់ងាររដ្ឋាភិបាល Screen Australia អំពីចំណាត់ការពន្ធ១០០ភាគរយ របស់អាមេរិក។ លោក Burke បានលើកឡើងថា «គ្មានមន្ទិលសង្ស័យឡើយថា យើងនឹងផ្តល់ការគាំទ្រចំពោះសិទ្ធិនៃឧស្សាហកម្មភាពយន្តអូស្រ្តាលី»

ចំណែកនាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក Christopher Luxon បាននិយាយថា រដ្ឋាភិបាលរបស់លោក កំពុងរង់ចាំព័ត៌មានលម្អិតបន្ថែម ស្តីអំពីការយកពន្ធរបស់អាមេរិក។ លោក Luxon បានលើកឡើងថា «យើងនឹងត្រូវរង់ចាំមើល​ព័ត៌មានលម្អិតនៃអ្វីដែលនឹងលេចចេញពិតប្រាកដ។ ប៉ុន្តែច្បាស់ណាស់ យើងនឹងផ្តល់ការគាំទ្រដល់ឧស្សាហកម្មភាពយន្តរបស់យើង»

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី៤ ខែឧសភា លោក ត្រាំ បានប្រកាសថា លោកកំពុងបញ្ជាឱ្យយកពន្ធថ្មីដល់ ១០០ភាគរយ លើខ្សែភាពយន្តទាំងអស់ ដែលផលិតនៅក្រៅសហរដ្ឋអាមេរិក ដោយអះអាងថា Hollywood ខាតបង់ក៏ព្រោះតែនិន្នាការនៃអ្នកផលិតភាពយន្តអាមេរិក និងការជ្រើសរើសប្រើស្ទូឌីយ៉ូបរទេស៕