(អ៊ីស្លាម៉ាបាដ)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះបានអំពាវនាវឲ្យឥណ្ឌា និងប៉ាគីស្ថាន អនុវត្តការអត់ធ្មត់ឲ្យបានខ្ពស់បំផុត ខណៈដែលលោកបានទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដ សម្រាប់ដំណើរទស្សនកិច្ចមួយថ្ងៃ ចំពេលដែលប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរទាំងពីរកំពុងចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការវាយប្រហារដ៏សាហាវមួយនៅតំបន់កាស្មៀរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។
ភាពតានតឹងបានកើនឡើង ក្រោយមានការវាយប្រហារលើភ្ញៀវទេសចរកាលពីខែមុន។ ឥណ្ឌាបានចោទប៉ាគីស្ថានថាជាអ្នកទទួលខុសត្រូវ ប៉ុន្តែប៉ាគីស្ថានបានបដិសេធ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានថ្លែងនៅពេលទៅដល់ថា លោកទទួលបានព័ត៌មានថា ប៉ាគីស្ថានមាន «ចារកម្មគួរឲ្យទុកចិត្ត» ដែលបង្ហាញថាឥណ្ឌាគ្រោងនឹងបើកប្រតិបត្តិការយោធាដែលអាចបង្កជាសង្គ្រាម។
ប៉ាគីស្ថានមិនបានបញ្ជាក់ច្បាស់ថា ការប្រឈមមុខដាក់គ្នានេះជាមូលហេតុចម្បងនៃទស្សនកិច្ចនេះទេ ប៉ុន្តែឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ លោក Reza Amiri Moghadam បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា បញ្ហានេះនឹងស្ថិតក្នុងរបៀបវារៈ ដោយសារទំនាក់ទំនងជិតស្និទ្ធរបស់អ៊ីរ៉ង់ជាមួយប្រទេសទាំងពីរ។ លោក Araqchi ក៏គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងញូវដេលី នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះផងដែរ។
ការិយាល័យការបរទេសប៉ាគីស្ថានបាននិយាយថា ខ្លួនកំពុងបន្តកិច្ចខិតខំប្រឹងប្រែងការទូតទាក់ទងនឹងស្ថានការណ៍បច្ចុប្បន្ន ដោយបានទាក់ទងទៅប្រទេសមួយចំនួន និងបានណែនាំបេសកជនរបស់ខ្លួនប្រចាំនៅអង្គការសហប្រជាជាតិ ឲ្យស្វែងរកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ។ ព្រមជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បានសន្ទនាតាមទូរសព្ទជាមួយសមភាគីរុស្ស៊ី លោក Sergey Lavrov ដែលលោក Lavrov បានសម្ដែងការព្រួយបារម្ភ និងជំរុញឲ្យមានការអត់ធ្មត់ និងការដោះស្រាយតាមផ្លូវការទូត។
ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ ក្រសួងការបរទេសឥណ្ឌាមិនទាន់ធ្វើអត្ថាធិប្បាយទេ។ កន្លងមក ឥណ្ឌាតែងតែច្រានចោលការសម្រុះសម្រួលពីភាគីទីបីក្នុងបញ្ហាកាស្មៀរ ដែលជាតំបន់ភ្នំហិម៉ាល័យមានជម្លោះរវាងប្រទេសទាំងពីរ និងជាចំណុចស្នូលនៃសង្គ្រាម និងការប្រឈមមុខដាក់គ្នាជាច្រើនលើក។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអ៊ីរ៉ង់ គឺជាកិច្ចប្រឹងប្រែងការទូតចុងក្រោយបង្អស់ ដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹង ដែលកំពុងតែគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់អាស៊ីខាងត្បូង៕