(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានប្រកាសទណ្ឌកម្មថ្មីលើមីយ៉ាន់ម៉ា ដោយកំណត់លើមេទ័ពម្នាក់ និងកូនប្រុសពីរនាក់ រួមទាំងកងជីវពលរបស់មេទ័ពម្នាក់នោះ ជុំវិញការសម្របសម្រួល ដល់បទល្មើសឆបោកតាមអនឡាញ ដែលផ្តោតលើជនជាតិអាមេរិក ការជួញដូរមនុស្ស និងការរត់ពន្ធឆ្លងព្រំដែន។ នេះបើយោតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ ២០២៥។

ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា ទណ្ឌកម្ម​នេះ ​ត្រូវ​បាន​ដាក់​លើ​កងកម្លាំងជាតិ​ការ៉ែន (Karen National Army), មេដឹកនាំកងកម្លាំងនេះ គឺលោក Saw Chit Thu និង​កូនប្រុស​ពីរ​នាក់​របស់​គាត់។ ក្រោមការដឹកនាំរបស់លោក Saw Chit Thu កងកម្លាំង Karen National Army បានគ្រប់គ្រងតំបន់មួយនៅជាប់ព្រំដែនថៃ-ភូមា ជាយូរណាស់មកហើយ គឺទីប្រជុំជនព្រំដែន Myawaddy ដែលគេស្គាល់ថាជាជម្រកនៃក្រុមឆបោកតាមអនឡានជាច្រើន។

អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Michael Faulkender គូសបញ្ជាក់ថា «បទល្មើសឆបោកតាមអនឡាញ ដូចជាប្រតិបត្តិការរបស់កងកម្លាំង Karen National Army បង្កើតប្រាក់ចំណូលរាប់ពាន់លានសម្រាប់មេខ្លោងឧក្រិដ្ឋជន និងសហការីរបស់ពួកគេ ដោយការបោកប្រាស់លុយពីជនរងគ្រោះ ដែលរកបានមកយ៉ាងលំបាក។ ក្រសួងប្តេជ្ញាថា នឹងប្រើប្រាស់គ្រប់វិធីដើម្បីរំខានបណ្តាញទាំងនេះ និងឱ្យអ្នកស្វែងរកប្រាក់ចំណេញ ពីគម្រោងឧក្រិដ្ឋកម្មទាំងនេះ មកទទួលខុសត្រូវ»

គួរបញ្ជាក់ថា តំបន់ Myawaddy ក៏បានក្លាយជាសមរភូមិដ៏សំខាន់មួយផងដែរ នៅពេលដែលកងទ័ពនៃរបបសឹក និងក្រុមចលនាតស៊ូប្រដាប់អាវុធផ្សេងទៀត ព្យាយាមដណ្តើមគ្រប់គ្រងប៉ុស្តិ៍ព្រំដែន ដែលមានលំហូរពាណិជ្ជកម្ម គិតជាទឹកប្រាក់ជាង ១ពាន់លានដុល្លារប្រចាំឆ្នាំ៕