(បែរឡាំង)៖ មេដឹកនាំអភិរក្សនិយមអាល្លឺម៉ង់ លោក Friedrich Merz ត្រូវបានសភាបោះឆ្នោតជ្រើសតាំងជាអធិការបតីថ្មី កាលពីថ្ងៃអង្គារ ទី៦ ខែឧសភា ក្នុងការបោះឆ្នោតជុំទី២ បន្ទាប់ពីរូបលោកបរាជ័យ ក្នុងការបោះឆ្នោតជុំទី១។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ដើម្បីក្លាយជាអធិការបតីអាល្លឺម៉ង់ លោក Merz ត្រូវការសំឡេងគាំទ្រពីសមាជិកសភា ៣១៦សំឡេង។ កាលពីថ្ងៃអង្គារ នៅក្នុងការបោះឆ្នោតជុំទី១ លោកទទួលបានការគាំទ្រត្រឹម ៣១០សំឡេង ប៉ុណ្ណោះ ពោលគឺ ខ្វះ៦សំឡេង ខណៈសមាជិកសភា៣០៧នាក់ទៀត បានបង្ហាញសំឡេងជំទាស់។ ក៏ប៉ុន្តែ នៅថ្ងៃអង្គារដដែលនោះដែរ លោក Merz មានអាយុ ៦៩ឆ្នាំ ទទួលបានសំឡេងគាំទ្រ ៣២៥សំឡេង ពោលគឺលើស ៩សំឡេងដែលលោកត្រូវការចាំបាច់ដើម្បីទទួលបានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា។
គួរបញ្ជាក់ថា នៅថ្ងៃពុធសប្ដាហ៍នេះ លោក Merz នឹងធ្វើដំណើរទស្សនកិច្ចជាលើកដំបូងក្នុងនាមជាអធិការបតីអាល្លឺម៉ង់ ទៅកាន់ប្រទេសបារាំង និងប៉ូឡូញ ហើយនៅថ្ងៃព្រហស្បតិ៍ លោកនឹងបើកកិច្ចពិភាក្សា តាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ៕