(បែរឡាំង)៖ មេដឹកនាំអភិរក្សនិយមអាល្លឺម៉ង់ លោក Friedrich Merz ត្រូវបានសភាបោះឆ្នោតជ្រើសតាំងជាអធិការបតីថ្មី កាលពីថ្ងៃអង្គារ ទី៦ ខែឧសភា ក្នុងការបោះឆ្នោតជុំទី២ បន្ទាប់ពីរូបលោកបរាជ័យ ក្នុងការបោះឆ្នោតជុំទី១។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ដើម្បីក្លាយជាអធិការបតីអាល្លឺម៉ង់ លោក Merz ត្រូវការសំឡេងគាំទ្រពីសមាជិកសភា ៣១៦សំឡេង។ កាលពីថ្ងៃអង្គារ នៅក្នុងការបោះឆ្នោតជុំទី១ លោកទទួលបានការគាំទ្រត្រឹម ៣១០សំឡេងប៉ុណ្ណោះ ពោលគឺ ខ្វះ៦សំឡេង ខណៈសមាជិកសភា៣០៧នាក់ទៀត បានបង្ហាញសំឡេងជំទាស់។ ក៏ប៉ុន្តែ នៅថ្ងៃអង្គារដដែលនោះដែរ លោក Merz មានអាយុ ៦៩ឆ្នាំដែលបានដឹកនាំគណបក្សអភិរក្សនិយមរបស់លោកទទួលបាន ជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីខែកុម្ភៈ និងបានស៊ីញេលើកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្ស Social Democrats (SPD) ទទួលបានសំឡេងគាំទ្រ ៣២៥សំឡេង លើស ៩សំឡេង ដែលលោកត្រូវការចាំបាច់ដើម្បីទទួលបានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា។
* តើលោក Friedrich Merz ជានរណា?
លោក Friedrich Merz កើតនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៥៥ និងមានដើមកំណើតមកពីតំបន់ Sauerland នៃរដ្ឋ North Rhine-Westphalia ប្រទេសអាល្លឺម៉ង់។ ជាមួយកម្ពស់ ១ម៉ែត្រ៩៨សង់ទីម៉ែត្រ លោក Merz ក៏មាន អាជ្ញាប័ណ្ណជាពីឡុតយន្ដហោះម្នាក់ផងដែរ ដោយជួនកាលលោកជាអ្នកបញ្ជាចង្កូតយន្ដហោះឯកជនរបស់លោក។ មុននឹងឈានជើងចូលនយោបាយ លោក Merz បានបញ្ចប់ការសិក្សាផ្នែកច្បាប់ និងចេញធ្វើការដំបូងជាចៅក្រម ម្នាក់ ហើយក្រោយមកធ្វើមេធាវីរបស់ក្រុមហ៊ុន Mayer Brown LLP។
លោកបានរៀបការជាមួយលោកស្រី Charlotte Merz ដែលជាចៅក្រម និងរួមរស់ជាមួយគ្នាជាង ៤០ឆ្នាំមកហើយ ដោយមានកូន៣នាក់។ លោក Merz បានចូលរួមជាមួយគណបក្ស CDU តាំងពីនៅជានិស្សិត។ លោកបានជាប់ ឆ្នោតជាសមាជិកសភាអឺរ៉ុបក្នុងឆ្នាំ១៩៨៩ ហើយក្រោយមក មិនយូរប៉ុន្មាន លោកបានក្លាយជាសមាជិកសភាអាល្លឺម៉ង់។ ប៉ុន្តែ នៅពេលអតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានក្លាយជាមេដឹកនាំគណបក្ស CDU នៅក្នុងសភា នៅឆ្នាំ២០០២ និងក្លាយជាអធិការបតី នៅឆ្នាំ២០០៥ លោក Merz ដែលមានគំនិតអភិរក្សនិយមយ៉ាងឆ្អិនឆ្អៅ បានដកខ្លួន និងនៅឆ្ងាយពីនយោបាយអស់ ជាច្រើនឆ្នាំ។ ក្នុងពេលដកខ្លួនចេញពីនយោបាយ លោក Merz បានកាន់តំណែងជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនធំៗជាច្រើនក្នុងនោះរួមមាន BlackRock Germany និង HSBC Trinkaus & Burkhardt ព្រមទាំងកាន់តំណែងជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន EY Germany, Borussia Dortmund និងក្រុមហ៊ុន Deutsche Börse។
គួរបញ្ជាក់ថា លោក Friedrich Merz ដូចគ្នាទៅនឹងគណបក្ស CDU ដែរ គឺមានគោលជំហរនយោបាយនិន្នាការស្ដាំនិយម និងត្រូវបានគេចាត់ទុកថាជាអ្នកអភិរក្សនិយមសង្គម ក៏ដូចជាអ្នកនយោបាយគាំទ្រធុរកិច្ច។ បើនិយាយពីនយោបាយការបរទេស លោក Merz យល់ថាអាល្លឺម៉ងគួរតែចាប់យកតំណែងជាមេដឹកនាំអឺរ៉ុបដ៏រឹងមាំមួយ ហើយថាសង្រ្គាមអ៊ុយក្រែនត្រូវតែឈានដល់ទីបញ្ចប់ក្នុងពេលឆាប់ៗ ខណៈគូសបញ្ជាក់ថា លោកនឹងបើកចំហសម្រាប់ការប្រគល់អាវុធបន្ថែមទៅឱ្យអ៊ុយក្រែន៕