(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Scott Bessent និងប្រធានក្រុមចរចាពាណិជ្ជកម្ម លោក Jamieson Greer របស់សហរដ្ឋអាមេរិក គ្រោងជួបឧបនាយករដ្ឋមន្រ្តីចិន លោក He Lifeng នៅឯប្រទេសស្វីស នាចុងសប្តាហ៍នេះ សម្រាប់កិច្ចពិភាក្សាដែលអាចជាជំហានដំបូង ឆ្ពោះទៅដំណោះស្រាយសង្គ្រាមពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ ២០២៥។

ផែនការនៃជំនួប ត្រូវបានប្រកាសដោយទីក្រុងវ៉ាស៉ីនតោន កាលពីយប់ថ្ងៃអង្គារ ហើយក្រោយមកទីក្រុងប៉េកាំង ក៏បានទទួលស្គាល់ផងដែរ។ វាជាជំនួបមួយដែលនឹងកើតមានឡើង បន្ទាប់ពីភាពតានតឹងអស់ជាច្រើនខែ លើពន្ធគយដែលមានលើស ១០០ភាគរយ រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ។

ភាគីទាំងសងខាងត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការបន្ធូរបន្ថយពន្ធ។ ក្រុមអ្នកចរចានឹងជជែកគ្នា អំពីការលុបបំបាត់ពន្ធលើផលិតផលជាក់លាក់ ដែលមានក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិក ស្តីពីការលើកលែងចំពោះផលិតផលតូចតាច និងបញ្ជីត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិក។

តាមការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក និងក្រសួងហិរញ្ញវត្ថុអាមេរិក លោក Greer និងលោក Bessent នឹងធ្វើដំណើររួមគ្នាទៅកាន់ទីក្រុងហ្សឺណែវ នាថ្ងៃព្រហស្បតិ៍ ហើយក៏នឹងជួបប្រធានាធិបតីស្វីស លោកស្រី Karin Keller-Sutter ផងដែរ ដើម្បីពិភាក្សាពីការចរចាលើពាណិជ្ជកម្មទៅវិញទៅមក៕